
រាជធានីភ្នំពេញ ៖ តារាសម្តែង និងតារាចម្រៀងប្រុសមានប្រជាប្រិយមួយដួងនៅកម្ពុជា លោក យ៉ែម សំអូន ថ្មីៗនេះបាន បង្ហោះសារបង្ហាញក្តីនឹករលឹកដល់កូនស្រីរបស់ខ្លួនថា «ឃើញរូបភាពនេះ គឺពេលវេលារំលងផុតទៅ១៥ឆ្នាំ យ៉ាងលឿនបំផុតហើយវាបន្សល់ត្រឹមអានុស្សាវរីយដ៍ច្រើនលើសលុបសម្រាប់ការចងចាំដែលគ្មានថ្ងៃ និងភ្លេចបាន ថ្ងៃនេះខែថ្មីថ្ងៃដំបូងនៃឆ្នាំ២០២០ ប៉ា សូមជូនពរអោយកូនស្រីបណ្ដូលចិត្តរបស់ប៉ាប៉ា ជួបតែរឿងយ៉ាងល្អៗ កុំអោយកូនស្រីប៉ាឈឺ កូនប្រាថ្នាអ្វីសូមអោយកូនសម្រេចដូចក្ដីបំណង និងក្ដីសុខអស់មួយជីវិតណាកូនណា នេះជាសេចក្ដីសុខបំផុតសំរាប់ជីវិតចុងក្រោយរបស់ប៉ាប៉ាហើយនឹកកូន» ។
លោកសំអូន បានបង្ហាញពីអារម្មណ៍នឹកកូនស្រីជាទីស្រលាញ់ដែលខកខានជួបគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ ក្រោយបែកបាក់នឹងភរិយាដែលជាអណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី ដោយក្តីនឹករលឹកកាន់តែមានទំហំខ្លាំងឡើងៗទើបបុរសពោះម៉ាយសង្ហារូបនេះបោះពាក្យ សម្តី ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង។
បើទោះជារូបលោកមានភាពជោគជ័យនៅក្នុងវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែបង្ហាញអោយដឹងថា ជីវិតរស់នៅម្នាក់ឯង មានភាពឯកកា បន្ទាប់ពីរូបលោកបានលែងលះគ្នាជាមួយអ្នកនាង យ៉ាន លីនដា អតីតភរិយារួចមកពីព្រោះតែបានរស់នៅឆ្ងាយពីកូនស្រីជាទីស្រលាញ់ ។
គួរបញ្ជាក់ផងដែរថា លោក យ៉ែម សំអូន តែងតែបង្ហាញពីអារម្មណ៍នឹកកូនស្រីជាទីស្រលាញ់ជានិច្ច ដែលបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីលោកបានលែងលះគ្នាមក និងតែងតែបង្ហោះសេចក្តីនឹករលឹកដល់កូនស្រីជានិច្ច ក្នុងនាមជាឪពុកម្នាក់ ៕ ត្នោត