ការបើកសាលារៀនវិទ្យាល័យបាក់ទូក សម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ បានធ្វើឱ្យសិស្សជាច្រើន មានភាពសប្បាយរីករាយ បន្ទាប់ពីពួកគេបានអង្គុយរៀននៅក្នុងថ្នាក់ ជួបជុំមិត្តភ័ក្ត គ្រូបង្រៀន សម្រាប់ថ្ងៃចូលរៀនដំបូងនេះ។
កាលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ សាលាវិទ្យាល័យបាក់ទូក បានចាប់ផ្តើមពង្រឹង នូវគោលការណ៍សុវត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរៀបចំថ្នាក់ឱ្យបានធំទូលាយជាងមុន បង្កើតកន្លែងលាងដៃស្ទើរគ្រប់ទីកន្លែង និងដាក់អាគារសិស្សសិក្សា ឱ្យនៅចន្លោះឆ្ងាយពីគ្នាជាង១០០ម៉ែត្រផងដែរ។
សិស្សានុសិស្ស ជាច្រើនបានលើកឡើងថា សាលាបានតម្រូវឱ្យសិស្សពាក់ម៉ាស់គ្រប់គ្នា ព្រមទាំងដាក់ឱ្យ អាល់កុលឱ្យសិស្សលាងដៃ និងធ្វើការវាស់កម្តៅ មុនពេលសិស្សចូលក្នុងសាលារៀន។
ជាមួយគ្នាផងដែរ ឃី វណ្ណនី ជាសិស្សម្នាក់ ដែលរៀននៅវិទ្យាល័យបាក់ទូក ថ្នាក់ទី៩ បានអង្គុយជជែកលេងជាមួយនឹងមិត្តភក្ត័ ក្រោមម្លប់ដើមឈើមួយកន្លែង ស្ថិតក្នុងបរិវេណសាលារៀន។ “ខ្ញុំបានទទួលដំណឹង ពីការចូលរៀនឡើងវិញនេះ ពីមិត្តភក្ត័ និងឃើញព័ត៌មានប្រកាសតាមហ្វេសប៊ុក ដូច្នេះទើបត្រឡប់មកចូលរៀនវិញនៅថ្ងៃនេះ។ “ខ្ញុំមានអារម្មណ៍សប្បាយ ពេលដែលបានមករៀនជាមួយគ្រូ”។
ស្រដៀងគ្នាផងដែរ សិស្សរៀនថ្នាក់ទី៩ នៃវិទ្យាល័យបាក់ទូកម្នាក់ទៀត ថោង សោង បានប្រាប់ឱ្យដឹងដែរថា ពេលរៀនតាមអនឡាញ គឺយល់អត់ច្បាស់ ចង់សួរគ្រូក៏ពិបាក ហើយអ៊ីនធើណេត ក៏ដំណើរការមិនសូវល្អទៀត ដូច្នេះមករៀននៅក្នុងថ្ងៃ បានជួបជុំមិត្តភ័ក្តផង និងជួបគ្រូផង។ “បើរៀននៅថ្នាក់អត់យល់អាចសួរមិត្តភក្ត័និងគ្រូឱ្យជួយពន្យល់បន្ថែម។
ដោយឡែក គឹម បាណុងពិសិដ្ឋ សិស្សរៀនថ្នាក់ទី៩ នៃវិទ្យាល័យបាក់ទូក បានឱ្យដឹងថា ពិសិដ្ឋ មានការព្រួយបារម្ភ ពីការប្រឡងសញ្ញាប័ត្រឌីប្លូម នាពេលខាងមុខ ដូច្នេះពិសិដ្ឋខិតខំប្រឹងប្រែងរៀនសូត្រ ចាប់ពីថ្ងៃចូលរៀននេះទៅ។ “សូមឱ្យសិស្សទាំងអស់គ្រប់សាលា ត្រូវនាំគ្នាចូលរៀនវិញ ហើយត្រូវខិតខំសិក្សា ពិសេសត្រូវចេះរក្សាសុខភាព និងការធ្វើអនាម័យទប់ស្កាត់កូវីដ១៩”។
ជុំវិញរឿងនេះ ការត្រឡប់ចូលមកកាន់ថ្នាក់រៀនវិញ គឺត្រូវបានរឹតបណ្តឹង លើបញ្ហាសុវត្ថិភាពខ្លាំង និងការហាមឃាត់មិនឱ្យមានការលក់ដូរអាហារសំរ៉ន់ នៅខាងក្នុងសាលា និងនៅខាងក្រៅរបងសាលាឡើយ។
បើតាមលោកតូច កន្តាល់ នាយកសាលានៃវិទ្យាល័យបាក់ទូក បានឱ្យដឹងថា មានគោលការណ៍ផ្លាស់ប្តូរសិស្សនៅក្នុងថ្នាក់រៀន កាលមុនសិស្សរៀនក្នុង១ថ្នាក់មានពី៤០ទៅ៥០នាក់ ឥឡូវនេះគឺត្រូវកាត់បន្ថយក្នុង១ថ្នាក់មានតែ១៥ទៅ២០នាក់ប៉ុណ្ណោះ។ “កាលពីព្រឹកមិញនេះ មានសិស្សចំនួន៨នាក់ មានកម្តៅលើសកាលកំណត់ យើងបានទុក៨នាក់នោះ ឱ្យនៅដាច់ដោយឡែក។ ក្រោយពីបានវាស់កម្តៅជាលើកទី២ សិស្ស៤នាក់ ត្រូវបានអនុញ្ញាតឱ្យចូលសាលា រីឯសិស្ស៤នាក់ទៀត ត្រូវបានអាណាព្យាបាលយកត្រឡប់ទៅផ្ទះវិញ”។
គិតត្រឹមថ្ងៃដំបូង នៃដំណើរការបើកវិទ្យាល័យបាក់ទូកឡើងវិញ សិស្សថ្នាក់ទី៩និង១២ទាំងអស់មានចំនួន៦៣៥នាក់ ក្នុងចំណោមសិស្សសរុប១៥០០នាក់។ សម្រាប់សិស្ស ដែលបានមកចូលរៀននៅថ្ងៃដំបូងនេះ គឺមានប្រមាណ៩០% ដែលសុទ្ធសឹងជាសិស្សថ្នាក់ត្រៀមប្រឡងឌីប្លូមនិងបាក់ឌុប៕ ដោយ៖ ឃួន លក្ខិណា