វាជាល្ងាចធម្មតាមួយ មុនពេលដែលម៉ាក់ចេញទៅធ្វើការ គាត់បានផ្ដាំផ្ញើជាច្រើនបែបច្រើនយ៉ាងតាមទម្លាប់ទូទៅ ដូចជា បិទទ្វារឱ្យជិត កុំបើកទ្វារបើមិនមែនជាម៉ាក់ ប្រសិនបើឃ្លានបើករករបស់ញ៉ាំនៅក្នុងទូទឹកកកឬទូដាក់ម្ហូបដែលម៉ាក់បានចម្អិនទុក ឬក៏ កុំរវើរវាយខ្លាចនេះខ្លាចនោះផ្ដេសផ្ដាសជាដើម។
ម៉ាក់មានការងារជាពេទ្យឆ្មបបង្កើតកូននៅពេទ្យរដ្ឋ។ ពីផ្ទះទៅកន្លែងដែលគាត់ធ្វើការគឺឆ្ងាយខ្លាំងណាស់ ដូច្នេះហើយម៉ាក់ត្រូវចំណាយពេលជិះម៉ូតូទៅធ្វើការតែ
ម្នាក់ឯងហោចណាស់ក៏កន្លះម៉ោង ឬមួយម៉ោងរៀងរាល់ថ្ងៃទម្រាំទៅដល់មន្ទីរពេទ្យ។
កាលពីមុនគ្រួសារយើងមិនមែនស្ងប់ស្ងាត់តែពីរនាក់ម្ដាយកូនបែបនេះទេ។ ច្រើនឆ្នាំមុនតាំងពីខ្ញុំនៅតូច ប៉ាបានឡើងទៅធ្វើការនៅថៃហើយក៏ជាថ្ងៃចុងក្រោយដូចខ្ញុំបានឃើញមុខប៉ាដែរ។
ប្អូនស្រីរបស់ខ្ញុំអាយុទើបតែមួយខួបក៏បានទៅឋានសួគ៌ជាមួយនឹងប៉ា ក្នុងករណីពីរផ្សេងគ្នាយ៉ាងសោកសៅ។ មិនមែនគ្រោះថ្នាក់ចរាចរណ៍យ៉ាងអណោចអធ័មដែលសឹងតែមើលសាកសពមិនយល់ជាមួយលោកប៉ានោះឡើយ គឺអាក្រក់ និងសោកសង្រេងជាងនេះទៅទៀត។
គឺត្រូវបានមីងបង្កើតរបស់ខ្ញុំច្របាច់កសម្លាប់យ៉ាងឃោរឃៅដោយសារតែវាយំតម្លង់គាត់ដេកពួនមិនបាន។ ក្រោយមកទើបយើងរកឃើញថា មីងបានប្រើប្រាស់ថ្នាំញៀន ហើយធ្វើឱ្យសតិអារម្មណ៍ក្លាយទៅជាឆ្កួតឡប់បែបនេះ។
ផ្ទះដែលមានសមាជិក 5 នាក់ក្លាយទៅជាសល់តែពីរនាក់យើងស្ងប់ស្ងាត់ម៉ាក់ខូចចិត្តខ្លាំងណាស់អ្នកណាអាចស្រមៃបានទៅថាស្វាមីជាទីស្រលាញ់ក៏បានបាត់បង់ទៅកូនស្រីដ៏គួរឱ្យស្រឡាញ់មិនអាចកាត់ថ្លៃបាន ក៏ត្រូវបានប្អូនស្រីសំណព្វចិត្តតែមួយសម្លាប់ចោលដែលពេលនេះកំពុងតែនៅក្នុងគុកយ៉ាងឯកា។
ជាញឹកញាប់ខ្ញុំឃើញម៉ាក់យំ ហើយទោះបីជាពេលខ្លះមិនមានទឹកភ្នែក ខ្ញុំនៅតែអាចឃើញពីអារម្មណ៍ក្នុងចិត្តរបស់គាត់អាចប្រាប់បានថាគាត់កំពុងតែនឹកសមាជិកទាំង3។
ម៉ាក់អត់ដែលទៅលេងអ្នកមីងទេក្រោយពេលដែលគាត់ជាប់គុកសូម្បីតែម្ដងក៏មិនដែលទៅ។
គ្រប់យ៉ាងកើតឡើងច្រើនឆ្នាំមកហើយ តែខ្ញុំនៅចាំបានថាកាលដែលប៉ូលិសអូសមីងចូលគុក ក៏ម៉ាក់យំសោក និងអង្វរប៉ូលិសដែរ។ តែក្រោយមកម៉ាក់ក៏ទទួលស្គាល់ថា ការស្លាប់របស់ប្អូនស្រីខ្ញុំនេះមិនមែនជារឿងចៃដន្យ ឬក៏វាសនាកំណត់ទេ។ គឺស្នាដៃមនុស្សឃោរឃៅជាអ្នកកំណត់។
អញ្ចឹងហើយ ទើបម៉ាក់តឹងរឹង និងហួងហែងចំពោះជីវិតរបស់ខ្ញុំណាស់។
ចេញពីសាលា ត្រូវត្រឡប់មកផ្ទះ បើម៉ាក់ទៅទទួលមិនទាន់ ត្រូវតែសុំជិះមកជាមួយលោកពូចុន ប៉ាអាដូង ដែលនៅក្នុងភូមិជាមួយដែរ។ ហើយពេលខ្លះ អាដូងក៏ជិះមកផ្ទះជាមួយយើងដែរបើប៉ាវាខកខានមិនបានទៅយក។
ដូចរាល់ដង ម៉ាក់ឡើងមកផ្ដាំនេះនោះដដែលៗដូចជាកំណាព្យដែលខ្ញុំស្ទើរតែអាចចាំគ្រប់សំនួនគាត់ទៅហើយ។
ដូចរាល់ដង ម៉ាក់រៀបចំឯកសណ្ឋាន និងរបស់មួយចំនួនដាក់ក្នុងកាបូប ហើយជិះម៉ូតូចេញទៅឈប់មុខផ្ទះ មុននឹងចុះមកបិទទ្វារហើយជិះចេញទៅតម្រង់ទីធ្វើការដែលនៅឆ្ងាយពីនេះនេះ។
ដូចរាល់ដង ខ្ញុំឡើងមកបន្ទប់គេងរបស់ខ្ញុំហើយទាញទូរសព្ទលេងហ្គេម ហើយទូរសព្ទមួយទៀតចាក់ចម្រៀងកម្សត់ៗមនោសញ្ចេតនាតាមអារម្មណ៍។ ខ្ញុំក្លាយជាទាសករទូរសព្ទជាច្រើនរយពាន់ម៉ោង តែហោចណាស់ក៏ប្រសើរជាងជាទាសករសៀវភៅអាន និងរឿងអប់រំឆ្គួតៗគួរឱ្យធុញទ្រាន់ទាំងនោះដែរ។
ដូចរាល់ដង ក្រោយពីម៉ាក់ចេញទៅ គ្រប់យ៉ាងនៅខាងក្រៅស្ងាត់ជ្រងំ ហើយមេឃក៏ងងឹតសូន្យសុងផងដែរ។
តែអ្វីដែលមិនដូចរាល់ដងនោះ…
មួយសន្ទុះធំ ខ្ញុំក៏បានងងុយ ហើយក៏លង់លក់។
ខ្ញុំបានភ្ញាក់ឡើងដោយបានឮសំឡេងបើកទ្វាររបង។ ម៉ាក់ត្រឡប់មកវិញហើយ។ សំឡេងទឹកភ្លៀងនៅខាងក្រៅលប់បាត់សំឡេងគ្រប់យ៉ាង។ ខ្ញុំក៏ដើរចុះទៅជាន់ក្រោមដើម្បីជួបម៉ាក់។ ប្រាកដជាទទឹកជោគហើយ។ ពិតមែន គឺម៉ាក់កំពុងឈរនៅក្នុងបន្ទប់ទទួលភ្ញៀវដោយទទឹកជោគ។
ប៉ុន្តែខ្ញុំស្រាប់តែមានអារម្មណ៍ចម្លែក និងតក់ស្លុតព្រឺរោមភ្លាមៗ នៅពេលក្រឡេកមើលទៅគាត់។ ថ្វីបើពេលនេះគាត់ឈរបែរខ្នងមកខ្ញុំ តែខ្ញុំមានអារម្មណ៍ថា ម្នាក់នេះមិនមែនជាម៉ាក់ខ្ញុំទេ។
គ្រប់យ៉ាងគឺមិនប្រក្រតី។ ខ្ញុំមិនឃើញម៉ូតូម៉ាក់ចតមុខផ្ទះដូចរាល់ដងឡើយ។ សម្លៀកបំពាក់របស់គាត់ក៏ខុសពីសម្លៀកបំពាក់ដែលគាត់ពាក់មុននឹងចេញទៅធ្វើការ។
ខ្ញុំលើកកដៃមើលទៅនាឡិកាឃើញថាម៉ោងទើបតែ 08:45 នាទី។ រាល់ដងម៉ាក់ត្រឡប់មកផ្ទះវិញនៅម៉ោង 4:00 ព្រឹកព្រោះគាត់ត្រូវវេនយាមពេញមួយយប់។
«ម៉ាក់ត្រឡប់មកវិញហើយកូន»
ស្ត្រីម្នាក់នេះស្រាប់តែនិយាយឡើង។ ខ្ញុំចាប់ផ្ដើមចំណាប់អារម្មណ៍កាន់តែខ្លាំង។ សំឡេងនិងភាសារបស់គាត់រូបរាងដូចជាម៉ាក់ពិតមែនក៏ប៉ុន្តែទឹកដមនិយាយមកមិនដូចជាសំឡេងម៉ាក់របស់ខ្ញុំឡើយសំឡេងរបស់ម៉ាក់គឺជាសំឡេងដែលប្រកបទៅដោយការនឹករឭក សេចក្ដីស្រឡាញ់ និងការព្រួយបារម្ភហួងហែងមកលើខ្ញុំ សំឡេងដែលប្រកបដោយព្រហ្មវិហារធម៌ និងភាពកក់ក្តៅដែលគ្មាននរណាអាចបន្លំ ឬស្រដៀងឡើយ រីឯស្ត្រីម្នាក់នេះ គឺសំឡេងស្មើយ៉ាងគួរឱ្យព្រឺ និងគ្មានអ្វីដែលជាសំឡេងម៉ាក់បន្តិច។
ខ្ញុំស្ទាក់ស្ទើរមិនហ៊ានទៅជិត បានត្រឹមសម្លឹងមើលគាត់ពីក្រោយខ្នង ហើយពេលគាត់បែរមក ដើរសំដៅមករកខ្ញុំ ខ្ញុំបាននិយាយទៅគាត់យ៉ាងរហ័សថា, «ខ្ញុំសុំទៅទិញទឹកផឹកមួយភ្លែតម៉ាក់» ហើយក៏រត់ឡើងមកលើបន្ទប់ខ្ញុំវិញយ៉ាងរហ័ស។ ខ្ញុំភិតភ័យរន្ធត់ញ័រប្រាណ។
តែក៏គិតម្ដងទៀតថា តើគាត់ជាម៉ាក់ ឬមិនមែន? ក្រែងឡូខ្ញុំងើបពីដេក ខួរក្បាលមិនទាន់ដំណើរការល្អទេដឹងទើបមើលទៅម៉ាក់ឃើញថាជាអ្នកដទៃ?
ខ្ញុំយកកាបូបរបស់ខ្ញុំ ហើយចុះមកក្រោមវិញ។ ស្ត្រីដែលខ្ញុំមិនប្រាកដថាជាម៉ាក់ខ្ញុំ ឬអត់នោះ កំពុងតែឈរនៅទីដដែលបែរខ្នងដាក់ខ្ញុំ។ ដៃស្ដាំកាន់អ្វីម្យ៉ាងលាក់កំបាំង ឯដៃឆ្វេងព័ទ្ធមកក្រោយ។
ខ្ញុំក្រឡេកមើលទៅដៃគាត់ហើយកាន់តែរន្ធត់យ៉ាងខ្លាំងហើយក៏ប្រាកដក្នុងចិត្តជាក់ច្បាស់ដែរថា ស្ត្រីម្នាក់នេះ មិនមែនជាម៉ាក់ខ្ញុំទេ។
កាលដែលប្អូនស្រីខ្ញុំបានស្លាប់ មួយខែក្រោយមកម៉ាក់បានទៅឱ្យគេសាក់ឈ្មោះ និសា ជាឈ្មោះប្អូនស្រីខ្ញុំ និងរូបបេះដូងតូចមួយក្បែរឈ្មោះនោះ នៅលើកដៃខាងឆ្វេងរបស់គាត់។ តែស្ត្រីដែលបន្លំខ្លួនជាម៉ាក់របស់ខ្ញុំនេះ មិនមានស្នាមសាក់ដាក់ឈ្មោះដ៏សំខាន់នេះទេ ដែលបង្ហាញអត្តសញ្ញាណយ៉ាងច្បាស់ប្រាកដថា គាត់នេះ មិនមែនជាម៉ាក់ខ្ញុំទេ ហើយខ្ញុំក៏មិនច្រឡំដែរ។
នៅក្រៅភ្លៀងឥតឈប់។ ខ្ញុំនិយាយទៅកាន់គាត់ ដោយបំណងចង់ចេញពីទីនេះឱ្យកាន់តែឆាប់តាមដែលអាចធ្វើបាន។
«ខ្ញុំចេញទៅទិញទឹកនៅតូបកាច់ជ្រុងផ្លូវសិនហើយ ម៉ាក់ចង់ផ្ញើទិញអីទេ?»
ស្ត្រីនោះគ្រវីក្បាលហើយតបយ៉ាងស្មើថា, «ទៅប្រញាប់ត្រឡប់មកវិញផង!»
ខ្ញុំក៏ចេញទៅទាំងភ្លៀង។ កាន់តែច្បាស់ហើយ គាត់នេះមិនមែនជាម៉ាក់ទេ។ រាល់ដងឱ្យតែសុំម៉ាក់ចេញទៅទិញអីញ៉ាំនៅតូបដែលលក់យប់ជ្រៅនេះ ម៉ាក់តែងតែនិយាយថា ដើរឱ្យប្រយ័ត្នផង ដើរកៀនៗផ្លូវ។ ហើយរឹតតែមិនមែនជាម៉ាក់ទៅទៀតនោះ គឺប្រសិនបើជាម៉ាក់ គាត់នឹងមិនអនុញ្ញាតឱ្យខ្ញុំចេញក្រៅទាំងភ្លៀងបែបនេះទេ។ នៅក្រៅមេឃងងឹតឈឹង ខ្ញុំរត់យ៉ាងលឿនតម្រង់ទៅតូបលក់ដែលនៅមិនឆ្ងាយប៉ុន្មានពីទីនេះ។ អារម្មណ៍កាន់តែខ្លាច តូបលក់ដែលខ្ញុំមកទិញរាល់ដងនេះ យប់នេះបែរជាបិទទ្វារជិតឈឹង។ ខ្ញុំរត់ដោយភ័យខ្លាចសំដៅទៅផ្ទះអាដូង ហើយពេលទៅដល់ ខំគោះទ្វារខ្លាំងៗឱ្យប៉ាម៉ាក់វាបើកទ្វារ។ សំឡេងទឹកភ្លៀងធ្លាក់កាន់តែខ្លាំងលុបបាត់សំឡេងគោះទ្វារដែលខ្ញុំកំពុងតែគោះស្ទើរតែ
បែកដៃនេះ។ មួយសន្ទុះក្រោយមក ឮសំឡេងស្រែកពីក្នុងថា អ្នកណានឹង? ខ្ញុំតបវិញទាំងញាប់ញ័រ និងរងារញាក់ប្រាណ។
«អាដូង គឺអញ! អាជាតិ»
អាដូងបានបើកទ្វារឱ្យខ្ញុំចូល។ វាបិទទ្វារវិញហើយសួរនាំហេតុការណ៍។ ក្នុងផ្ទះនេះ វានៅតែម្នាក់ឯង ព្រោះរាត្រីនេះ ប៉ាម៉ាក់វាបានទៅស៊ីការគេអស់ ទុកឱ្យវានៅចាំផ្ទះ ជាមួយឆ្កែមួយក្បាល។
«គឺមានស្ត្រីម្នាក់ចូលមកផ្ទះរបស់អញ ហើយអញដឹងច្បាស់ស្ត្រីម្នាក់នោះមិនមែនជាម៉ាក់អញទេ។»
ខ្ញុំរ៉ាយរ៉ាប់ទាំងតក់ស្លុត ខណៈដែលអាដូងបានយកកន្សែងពណ៌ខៀវមួយឱ្យខ្ញុំជូតខ្លួន។
ខ្ញុំជូតខ្លួនស្ងួតហើយសុំខ្ចីទូរសព្ទអាដូងតេទៅម៉ាក់។
តេចូលភ្លាម ម៉ាក់ឆ្លើយសួរភ្លែត។
«មានការអីកូន?»
នេះទើបជាសំឡេងដែលបង្ហាញពីការព្រួយបារម្ភ និងភាពកក់ក្ដៅពិតប្រាកដ។
ខ្ញុំចាប់ផ្ដើមរ៉ាយរ៉ាប់ហេតុការណ៍ ហើយប្រាប់ថាខ្ញុំកំពុងនៅផ្ទះអាដូង ពេលនេះភ័យខ្លាំងណាស់។ ម៉ាក់ប្រាប់ថាឱ្យនៅចាំទីនោះហើយគាត់នឹងទៅឥឡូវនេះ ហើយគាត់ក៏បានតេប្រាប់ប៉ូលិសហើយដែរ។
ខ្ញុំរង់ចាំ២នាក់អាដូងដោយភ័យខ្លាច។ មួយសន្ទុះធំ មានសំឡេងមួយគោះទ្វារ។ ខ្ញុំរីករាយណាស់ហើយស្ទុះទៅបម្រុងបើកទ្វារ តែមានកូនគំនិតមួយស្រាប់តែផុសឡើងភ្លាមៗ។
ចុះបើអ្នកកំពុងគោះទ្វារនេះមិនមែនជាម៉ាក់? ចុះបើស្ត្រីម្នាក់នោះបានដឹង ហើយមកតាមខ្ញុំដល់ទីនេះ?
តែខ្ញុំស្រាប់តែឮសំឡេងស្រែកថា បើកទ្វារកូនបើកទ្វារ ជាសំឡេងដែលបង្ហាញពីការព្រួយបារម្ភ ការស្រឡាញ់ និងភាពតក់ក្រហល់ ដែលអាចឱ្យខ្ញុំប្រាកដក្នុងចិត្តថា គឺជាម៉ាក់។
យើងបើកទ្វារហើយម៉ាក់ចូលមកក្នុងឱបខ្ញុំយំ ហើយយើងត្រឡប់ទៅផ្ទះវិញ។
នៅទីនោះ ប៉ូលិសបានចាប់ខ្លួនស្ត្រីម្នាក់ដែលបន្លំខ្លួនជាម៉ាក់នោះទៅឃុំខ្លួន និងសួរចម្លើយ។
ក្រោយមកក៏បានដឹងថា ស្ត្រីម្នាក់នោះគឺជាប្អូនស្រីរបស់ម៉ាក់ ជាឃាតកដែលសម្លាប់ប្អូនស្រីខ្ញុំ។
គាត់បានលួចចេញពីគុកដោយសម្ងាត់ហើយកាលដែលនៅក្នុងគុកគាត់បានសន្សំភាពខឹងឆេះឆាវ ហើយរៀបគម្រោងនឹងមកសម្លាប់ម៉ាក់ ដើម្បីសងសឹក។ ជាសំណាងល្អហើយដែលខ្ញុំអាចគេចខ្លួនចេញមកក្រៅបាន កុំអីខ្ញុំមិនដឹងថាវាសនាខ្ញុំ និងម៉ាក់ នឹងទៅជាយ៉ាងណានោះទេ។ គាត់បន្លំធ្វើជាម៉ាក់ខ្ញុំដើម្បីចូលមកសម្លាប់ខ្ញុំ តែជាសំណាងដែលមិនអាចបន្លំភ្នែកខ្ញុំបាន ថ្វីបើគាត់មានរូបរាងមុខមាត់ដូចម៉ាក់ខ្ញុំមែន តែស្នាមសាក់របស់ម៉ាក់បានជួយប្រាប់ខ្ញុំ និងឱ្យខ្ញុំរួចរស់ជីវិត។
ពួកយើងព្យាយាមបំភ្លេចរឿងរ៉ាវអាក្រក់ទាំងនេះឡើងវិញ តែជាញឹកញាប់ ខ្ញុំចេះតែមានអារម្មណ៍អសុវត្ថិភាព និងខ្លាចថាថ្ងៃណាមួយ គាត់នឹងត្រឡប់មកវិញទៀត… សង្ឃឹមថាមិនអាចទៅចុះ៕
ចប់
និពន្ធ និងរៀបរៀងដោយ រាត្រី រន្ធត់