ពោធិ៍សាត់ ៖ បុរសម្នាក់ផឹកស៊ីជាមួយសាចញាតិដាច់បាយដាច់ទឹកចំនួនបីថ្ងៃបីយប់លុះពេលត្រឡប់មកផ្ទះវិញឱ្យបងជីដូនមួយកោសខ្យល់ឲ្យព្រឹកឡើងគេប្រទះឃើញស្លាប់ ករណីនេះកើតឡើងនៅថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២០ ត្រង់ចំណុចក្រោមផ្ទះរបស់ឈ្មោះ ប្រុក ខែម ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ ត្រូវជាអ៊ុំ(សព)ស្ថិតនៅភូមិថ្មី ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស៊ី ចាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចំរេះ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ប្រភពព័ត៌មានពីបងប្អូនសាច់ញាតិជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានទៅផឹកស៊ីផ្ទះសាច់ញាតិបងប្អូនចំនួនបីថ្ងៃបីយប់កន្លងមកហើយលុះពេលត្រឡប់មកផ្ទះវិញនៅវេលាម៉ោងប្រមាណជាង៣ទាបភ្លឺ ហើយបានពឹងបងស្រីជីដូនមួយ
ជួយកោសខ្យល់រួចបងស្រីឡើងដេកលើផ្ទះបាត់ទៅ លុះព្រឹកឡើងស្រាប់តែប្រទះឃើញស្លាប់តែម្ដង សមត្ថកិច្ចបញ្ជាក់ថា លើខ្លួនប្រាណសព ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់នោះទេ សពជនរងគ្រោះតាមការសន្និដ្ឋានស្លាប់ដោយសារខ្យល់គរបន្ទាប់ពីធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ផេង ភាព