(សេអ៊ូល / តូក្យូ)៖ ប្រទេសកូរ៉េខាងត្បូងបានរងសម្ពាធការមកដល់នៃព្យុះទីហ្វុង (Haishen) នៅថ្ងៃច័ន្ទនេះបន្ទាប់ពីព្យុះដ៏ខ្លាំងមួយនេះបានបោកបក់លើកោះភាគខាងត្បូងរបស់ប្រទេសជប៉ុនប៉ុន្តែព្យុះនេះមិនបានបណ្តាលខូចខាត ឬគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ។នេះបើតាមការផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។
ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថាព្យុះនេះមានល្បឿនខ្យល់បក់រហូតដល់ ១៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើដំណើរឆ្ពោះទៅភាគខាងជើងឆ្ពោះទៅទីក្រុងប៊ូសាន ដែលជាទីក្រុងធំបំផុតទី២ របស់កូរ៉េខាងត្បូង។ ខ្យល់បក់ខ្លាំងបានកាត់ផ្តាច់ចរន្តអគ្គិសនីជិត ៥.០០០ គ្រួសារនៅភាគខាងត្បូងនៃឧបទ្វីបកូរ៉េរួមទាំងកោះរមណីយដ្ឋានជេជូដែលបានរាយការណ៍ថាមានជំនន់ទឹកភ្លៀងជាង ៤៧៣ មីល្លីម៉ែត្រចាប់តាំងពីថ្ងៃសៅរ៍មកម្លេះ។
ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថានៅប្រទេសជប៉ុនផ្ទះប្រហែល ៤៤០.០០០ ខ្នងនៅភាគនិរតីនៃតំបន់ Kyushu នៅតែគ្មានថាមពលសម្រាប់ប្រើប្រាស់នៅព្រឹកថ្ងៃច័ន្ទ បន្ទាប់ពីព្យុះនេះបានបោកបក់។ មនុស្ស ៣២នាក់បានរងរបួស នឹងមនុស្សជិត ២ លាននាក់ផ្សេងទៀតត្រូវបានគេបញ្ជាឱ្យជម្លៀសចេញពីតំបន់នោះដែលកំពុងមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងខែកក្កដាដែលបានសម្លាប់មនុស្ស ៨៣ នាក់។
សូមជម្រាបថា ព្យុះទីហ្វុង (Haishen) កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្យុះទីហ្វុង(Maysak) បានវាយប្រហារដល់ឧបទ្វីបកូរ៉េបណ្តាលឱ្យមនុស្សយ៉ាងតិច ២ នាក់ស្លាប់និងរាប់ពាន់នាក់ទៀតគ្មានថាមពលប្រើប្រាស់៕