ស្ត្រីពិនិត្យអេកូឃើញកូនភ្លោះ៤នោះ គួរឱ្យស្តាយកូនក្នុងផ្ទៃបាត់បង់ជីវិតទាំង៤នាក់
ខេត្តបន្ទាយមានជ័យ ៖ ពិតជារឿងមួយដ៏គួរឱ្យសោកស្តាយជាទីបំផុត ខណៈស្ត្រីម្នាក់នៅស្រុកថ្មពួក ដែលពិនិត្យអេកូឃើញមានកូនភ្លោះ៤នាក់នោះ ស្រាប់តែឈឺពោះ ខណៈកូនក្នុងផ្ទៃទើបតែមានអាយុ៥ខែប៉ុណ្ណោះ និងបានបាត់បង់ជីវិតទៅវិញទាំងអស់ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ។ នេះជាការសម្រាលដ៏កម្រមួយដែលមិនមានការដឹងមុនថា ស្ត្រីជាម្តាយនឹងសម្រាលកូនភ្លោះ៤ តែក៏គួរឱ្យសោកស្តាយដែលកូនភ្លោះទាំង៤នាក់ត្រូវបានបាត់បង់ជីវិតទៅវិញ ខណៈឆ្លងកាត់ការសម្រាលភ្លាមៗទាំងមិនទាន់គ្រប់ខែផង។
ស្ត្រីដែលមានកូនភ្លោះ៤នាក់ក្នុងផ្ទៃខាងលើនេះឈ្មោះ រាត្រី អាយុ២៨ឆ្នាំ ហើយនេះជាកូនទី២របស់នាង ។
បើតាមលោកវេជ្ជបណ្ឌិត ប៊ូ វិបោន អនុប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ បានឲ្យដឹងថា
កាលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ មានសាច់ញាតិបាននាំស្ត្រីឈ្មោះ រាត្រី មកពិនិត្យផ្ទៃពោះ ខណៈនាងពពោះបាន៣ខែ ។ នៅក្នុងការពិនិត្យតាមរយៈការឆ្លុះអេកូសាស្ត្រ ឃើញកូននៅក្នុងផ្ទៃនាងមានចំនួន៤នាក់ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនធ្លាប់ជួបប្រទះដែលភាគច្រើនមានត្រឹមកូនភ្លោះ៣ ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា នៅពេលពិនិត្យនោះបង្ហាញថា កូនក្នុងផ្ទៃនាងមានរហូតដល់៤នាក់ តែមិនទាន់ដឹងថា ប្រុសប៉ុន្មាន និងស្រីប៉ុន្មាននោះទេ ព្រោះទើបតែមានអាយុ៣ខែ ។ តាមការ
ពិនិត្យសុខភាពម្តាយដែលកំពុងពពោះ និងកូនភ្លោះទាំង៤នាក់នាពេលនោះ គឺទាំងម្តាយ និងកូននៅក្នុងផ្ទៃមានសុខភាពធម្មតា ហើយលោកក៏បានណែនាំឱ្យគាត់ទៅផ្ញើពោះនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ។
លោកវេជ្ជបណ្ឌិត ប៊ូ វិបោន បានឱ្យដឹងថា លោកបានទទួលព័ត៌មានពីការឈឺពោះសម្រាលកូនភ្លាមៗ តែគួរឱ្យស្តាយកូនភ្លោះទាំង៤នាក់បាន បាត់បង់ជីវិតនៅពេលដែលម្តាយឈឺពោះសម្រាលមក ចំណែកសុខភាពស្ត្រីជាម្តាយមានស្ថានភាពធម្មតា ។ ទោះជាយ៉ាងណា គ្រួសារនាងមានជីវភាពលំបាក មិនមែនជាអ្នកធូរធាឡើយ ។
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព