រាជធានីភ្នំពេញ៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ វប្បធម៌ នៃរដ្ឋសភា ដែលគេហៅកាត់ថាគណៈកម្មការទី៧ បានគំាទ្រ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការដាក់ចេញវិធានជាដំណោះស្រាយឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែងនៃស្ថានភាពវិស័យអប់រំក្នុងបរិបទកូវីដ១៩ ជាបន្តបន្ទាប់។ ជាពិសេសលើការសិក្សា ពិនិត្យលទ្ធភាពគ្រប់ជ្រុងជ្រោយ មុនឈានដល់ការអនុញ្ញាតអោយគ្រឹះស្ថានសិក្សាអាចបើកដំណើរការឡើងវិញជាជំហានៗ ពីមួយដំណាក់កាលទៅមួយដំណាក់កាល។
ក្រសួងអប់រំ យុវជននិងកីឡា បានអនុញ្ញាតឲ្យបើកលាលាបង្រៀនឯកជនមួយចំនួនឡើងវិញ និងសាកល្បងបើកសាលារដ្ឋខ្លះ នៅថ្ងៃទី៧ខែកញ្ញានេះ មុខឈានទៅអនុញ្ញាតឲ្យបើកឡើងវិញ នូវគ្រឹះស្ថានសិក្សា ឬយ៉ាងណា បន្ទាប់ពីបានបិទទ្វារជាច្រើនខែ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នោះ។
គណៈកម្មការជំនាញរដ្ឋសភាបញ្ជាក់ថា «គណៈកម្មការទី៧ សូមលើកទឹកចិត្តឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូអ្នកគ្រូ អណាព្យាបាល និងសិស្សានុសិស្សទាំងអស់បន្តការយោគយល់ និងសហការយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលក្ខខណ្ឌកំណត់របស់ក្រសួង និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីធានាបានថា ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនេះ អាចប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា» ។
ជាមួយគ្នានេះ គណៈកម្មការអប់រំ រដ្ឋសភាលើកឡើងថា បើទោះបីជាស្ថានភាពកូវីដ-១៩ មានភាពធូរស្រាលបន្តិច ប៉ុន្តែជំងឺនេះនៅតែបន្តរាតត្បាត និងឆ្លងក្នុងសហគមន៍តាមបណ្តាប្រទេសមួយចំនួន ក្នុងតំបន់ និងពិភពលោក ។
សូមរម្លឹកថាគិតត្រឹមថ្ងៃទី ៧ ខែកញ្ញានេះ កម្ពុជានៅមានអ្នកជំងឺកូវីដ ១៩ បន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៃករណីវិជ្ជមានកូវីដ ១៩ សរុបនៅកម្ពុជាមានចំនួន ២៧៤ នាក់ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព