ខេត្តបាត់ដំបង ៖ ជនសង្ស័យ២នាក់ដែលសកម្មក្នុងការប្រព្រឹត្តអំពើចោរកម្ម ដែលធ្វើសកម្មភាព«ឆក់»យកទូរស័ព្ទបានពីស្ត្រីម្នាក់ហើយតែរត់មិនរួច ក៏ត្រូវពលរដ្ឋនិងជនរងគ្រោះបានប្រគល់ឱ្យសមត្ថកិច្ចកាលពីម្សិលមិញនោះ នៅព្រឹកថ្ងៃទី០៧ កញ្ញា ត្រូវបានមន្ត្រីការិយាល័យជំនាញ បង្ហាញមុខជាសាធារណ: ជាមួយនឹងវត្ថុតាងផង មុនពេលបញ្ជូនបន្តទៅសាលាដំបូងខេត្ត។
លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនដៃស្អិតទាំង២នាក់ ១-ឈ្មោះ សុងហេង សៀសៀង អាយុ២២ឆ្នាំ នៅភូមិត្រាង ឃុំអូរតាគី ស្រុស្រុកថ្មគោល និង ២-ឈ្មោះ ផុន សារាន ហៅ តឿ អាយុ២២ឆ្នាំ នៅភូមិ ព្រៃដាច់ ឃុំអូរតាគី ស្រស្រុកថ្មគោល។ លោក បានប្រាប់ថា ជនទាំង២នាក់ បានជិះម៉ូតូធ្វើសកម្មភាព«ឆក់»យកយកទូរស័ព្ទដៃពីនារីម្នាក់ឈ្មោះ សុខ សីណា អាយុ២៥ឆ្នាំ នៅចំណុចភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៦ កញ្ញា ពេលនាងកំពុងជិះម៉ូតូនិយាយទូរស័ព្ទ។
ប៉ុន្តែពេលឆក់បានសម្រេច ជនទាំង២នាក់បានជិះម៉ូតូទៅបុករថយន្តគេដួលប្រកាច់នៅនឹងកន្លែង ទើបត្រូវនារីរងគ្រោះនិងពលរដ្ឋចាប់ក្របួចជាន់.ក ប្រគល់ភ្លាមៗឱ្យកម្លាំងរបស់លោកដែលកំពុងល្បាតតែម្ដង។ នៅក្នុងស្ថានភាពចាប់បានយ៉ាងតន់ហន់បែបនេះ ជាមួយនឹងវត្ថុតាងនៅក្នុងដៃជាក់ស្ដែងផង ជនដៃស្អិតទាំង២នាក់នេះ ហាក់គ្មានពាក្យអ្វីដែលត្រូវប្រកែកជាមួយសមត្ថកិច្ចឡើយពេលមន្ត្រីជំនាញសួរចម្លើយ។
នៅចំពោះមុខសមត្ថកិច្ច ជនទាំង២នាក់បានសារភាពព្រមៗគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីរងគ្រោះនោះមែន។ ប៉ុន្តែជាមួយនឹងការផ្ដល់ចម្លើយនេះ ជនដៃដល់ម្នាក់ ឈ្មោះ សុខ លីណា បានសារភាពថា ខ្លួនបានសម្រេចធ្វើសកម្មភាពឆក់យកទូរស័ព្ទនេះ ដើម្បីយកទៅលក់បានលុយ រួចយកលុយនោះទៅលស់
ចិញ្ចៀនដែលខ្លួនដាក់បញ្ចាំគេ ។
បន្ថែមលើការប្រព្រឹត្តបទល្មើស«ឆក់»នេះ បើតាមលោកឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបាននិយាយថា ជនទាំង២នាក់នេះ បានអះអាងថា ពួកខ្លួនទើបធ្វើសកម្មភាពឆក់តែម្ដងនេះគត់។ ប៉ុន្តែបើតាមប្រវត្តិក្រុមនេះ ដែលលោកទទួលបានពីពលរដ្ឋនិងមន្ត្រីមូលដ្ឋាន គឺជនទាំង២នាក់នេះ នៅមានបក្សពួកមួយចំនួនទៀត ធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មនៅឃុំជ្រៃ ស្រុកថ្មគោល។
មិនតែប៉ុណ្ណោះ លោកគឹមសុង បានបញ្ជាក់ថា ក្រុមនេះមានជាប់ពាក់ព័ន្ធនឹងមុខសញ្ញាដែលតែងលួចកប់កញ្ចក់រថយន្តអ្នកដំណើរពេលយប់នៅម្ដុំឃុំជ្រៃនោះកន្លងមកផងដែរ។ ព្រោះម្ចាស់រថយន្តរងគ្រោះ ក៏បានឃើញភិនគាគម៉ូតូដែលក្រុមនេះជិះ គឺស៊ីសង្វាក់ទៅនឹងម៉ូតូធ្វើសកម្មភាពឆក់នេះតែម្ដង ។
ប៉ុន្តែជននេះ មិនសារភាពថា ខ្លួនធ្លាប់គប់កញ្ចក់រថយន្តគេពេលយប់កន្លងមកទេ ដោយគ្រាន់តែអះអាងថា ធ្លាប់ដឹងរឿងគប់កញ្ចក់រថយន្តគេពេលយប់។យ៉ាងណាក៏ដោយ លោកឈឿង គឹមសុង បានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួនជនដៃស្អិតទាំង២នាក់នេះ កម្លាំងជំនាញដកហូតបានវត្ថុតាងមាន ទទូរសព្ទដៃមួយគ្រឿងម៉ាក Iphone X ពណ៌សជារបស់ជនរងគ្រោះ, ម៉ូតូមួយគ្រឿងម៉ាកហុងដា វីនន័រ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ ជាម៉ូជាម៉ូតូជនសង្ស័យជិះធ្វេីសកម្មភាព។
លោកគឹមសុង បានបន្ថែមថា ចំពោះទូរស័ព្ទដែលដកហូតបាន គឺលោកស្នងការខេត្ត និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានសម្រេចប្រគល់ជូននារីរងគ្រោះវិញហើយ។ ដោយឡែក ជនសង្ស័យមន្ត្រីជំនាញកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព