សេដ្ឋកិច្ច ៖ អ្នកជំនាញនិយាយថា កិច្ចព្រមព្រៀងមួយ ដែលប្រទេសឡាវនឹងប្រគល់ការគ្រប់គ្រងភាគច្រើន នៃបណ្តាញអគ្គិសនីរបស់រដ្ឋខ្លួន ទៅឱ្យក្រុមហ៊ុនចិន ព្រោះថា ប្រទេសឡាវកំពុងព្យាយាមដោះស្រាយបំណុលដែលអាចកើតមាន ។ ចិន គឺជាម្ចាស់បំណុលធំបំផុតរបស់ឡាវ ហើយកិច្ចព្រមព្រៀងនេះ វានឹងធ្វើអោយ ប្រទេសឡាវដែលមានប្រជាជន៧លាននាក់ ជាប់ចំណង ។
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ Xinhua មិនបានផ្តល់ព័ត៌មានលម្អិតអំពីម្ចាស់ភាគហ៊ុនអគ្គិសនីថ្មីនោះឡើយ ដែលបានចុះហត្ថលេខា កាលពីថ្ងៃអង្គារ៍ ទី០១ កញ្ញា ២០២០ រវាងក្រុមហ៊ុនអគ្គិសនីរដ្ឋឡាវ Electricite du Laos (EdL) និងក្រុមហ៊ុនចិន China Southern Power Grid នឹងបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះថា Electricite du Laos Transmission Company Limited (DEL-T) ។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងចំពេល ដែលក្រុមអ្នករិះគន់បានចោទប្រកាន់ទៅលើក្រុងប៉េកាំងថា ជាអន្ទាក់បំណុលការទូត “debt trap diplomacy” ដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រទេសដែលកំពុងព្យាយាមសងប្រាក់កម្ចី ដែលបានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធ “ខ្សែក្រវាត់និងផ្លូវ” របស់លោកប្រធានាធីបតីចិន ស៊ី ជីនពីង ។
ស្ថានទូតចិន ប្រចាំនៅប្រទេសឡាវ បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ក្រុមហ៊ុនថ្មី (DEL-T) នេះ នឹងប្រតិបត្តិការក្រោមបទបញ្ជារបស់រដ្ឋាភិបាលឡាវ ។ ហើយថា “ប្រទេសឡាវក៏អាចទិញភាគហ៊ុនមកវិញជាបណ្តើរៗ ផងដែរ ក្នុងកំឡុងពេលប្រតិបត្តិការ និងការគ្រប់គ្រងបណ្តាញអគ្គិសនី” ។
ទាំងអគ្គិសនីរដ្ឋឡាវ និងក្រុមហ៊ុនចិន មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើកិច្ចព្រមព្រៀងនេះ របស់អ្នកសារព័ត៌មានរ៉យទ័រនោះទេ ។ រដ្ឋាភិបាលឡាវ និងចិន ក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយផងដែរ ។
លោករដ្ឋមន្ត្រីក្រសួង ថាមពល និងរ៉ែ ឡាវ បានហៅកិច្ចព្រមព្រៀងនេះថា ជាគម្រោងសំខាន់ដែលនឹងទទួលបានអត្ថប្រយោជន៍ គឺ “គុណសម្បត្តិខាងបច្ចេកវិទ្យា និងធនធានមនុស្ស” ពីក្រុមហ៊ុនចិន ។
កាសែត វៀងចន្ទន៍ ថែមស៍ ជាភាសាអង់គ្លេស បាននិយាយបន្ទាប់ពីកិច្ចព្រមព្រៀងថា ក្រុមហ៊ុនអគ្គិសនីឡាវ និងចិន នឹងវិនិយោគ នាពេលអនាគត ប្រមាណ ២ពាន់លានដុល្លារ នៅក្នុងបណ្តាញអគ្គិសនី ក្នុងតំបន់ និងអន្តរជាតិ ។
ប្រទេសឡាវ បានចំណាយថវិកាយ៉ាងច្រើន ទៅលើគម្រោងវារីអគ្គិសនី ដែលត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយប្រទេសចិន ក្នុងគោលបំណង ដើម្បីក្លាយជា “the battery of Southeast Asia” ។ ប៉ុន្តែគម្រោងទាំងនោះ រួមជាមួយផ្លូវដែកល្បឿនលឿនថ្មីរបស់ចិន គឺស្ថិតនៅចំកណ្តាល នៃវិបត្តិបំណុលរបស់ឡាវ ។
ធនាគារពិភពលោក បានប៉ាន់ប្រមាណនៅក្នុងខែមិថុនាថា កម្រិតបំណុលនឹងកើនឡើងដល់ ៦៨ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឡាវនៅឆ្នាំ២០២០ ដែលកាលពីឆ្នាំមុន មាន ៥៩ភាគរយ ។ ដោយសារតែការធ្លាក់ចុះ នៃការអនុវត្តវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច អំឡុងពេល នៃវត្តមានមេរោគកូវីដ១៩ ទើបធ្វើអោយប្រទេសឡាវជួបវិបត្តិប្រាក់បំណុល ។
យោងតាមធនាគារកណ្តាល ក៏បានឱ្យដឹងដែរថា កិច្ចសន្យានៃបំណុលរបស់ឡាវ នៅឆ្នាំ ២០២០នេះ មានប្រហែល ១,២ពាន់លានដុល្លារ ដោយមានប្រាក់កម្ចីពីធនាគារពាណិជ្ជកម្ម និងមូលបត្របំណុលថៃ ដែលដល់កំណត់ត្រូវសងបំណុលនៅខែកញ្ញា និងតុលា ប៉ុន្តែទុនបម្រុងអន្តរជាតិ របស់ប្រទេសឡាវ មានត្រឹមតែ ៨៦៤លានដុល្លារប៉ុណ្ណោះ នៅក្នុងខែមិថុនា ។
អ្នកជំនាញស្តីពីស្ថិរភាពសារពើពន្ធ បាននិយាយថា “សេដ្ឋកិច្ចឡាវ នឹងពឹងផ្អែកកាន់តែខ្លាំង លើប្រទេសចិន ហើយបញ្ហានេះ គឺជៀសមិនរួច” ។ ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយទីក្រុងប៉េកាំង ក៏បានពង្រឹងនូវទំនាក់ទំនងនយោបាយផងដែរ ដោយប្រទេសឡាវ ជាអ្នកគាំទ្រជំហររបស់ចិន លើបញ្ហានានា ដូចជាសមុទ្រចិនខាងត្បូង នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ ប្រទេសឡាវ គឺជាប្រទេសដំបូងគេ ដែលបានគាំទ្រសារនយោបាយរបស់មេដឹកនាំចិន នៃការកសាងសហគមន៍ នៃវាសនារួម ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព