បាល់ទាត់៖ លោក Pep Clotet អ្នកចាត់ការទូទៅរបស់ក្លិប Birmingham City បានលាឈប់ពីតំណែងបន្ទាប់ពីចាញ់ក្រុម Swansea City ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃពុធ។
ក្លិប Birmingham បានចេញសេចក្តីប្រកាសនៅលើគេហទំព័រផ្លូវការថា តំណែងរបស់លោក Clotet ត្រូវបញ្ចប់ត្រឹមនេះ បន្ទាប់ពីមានការព្រមព្រៀងគ្នារួចមក។ មែនទែនទៅក្លិបបានផ្តល់ឱកាសឱ្យអ្នកចាត់ការទូទៅវ័យ ៤៣ ឆ្នាំរូបនេះ បន្តដឹកនាំរហូតដល់ចប់រដូវកាលនេះ ប៉ុន្តែលោកបានសុំចុះចេញពីតំណែងមុនពេលកំណត់។
បរុសជនជាតិអេស្ប៉ាញរូបនេះ បានចូលកាន់តំណែងនៅ Birmingham កាលពីឆ្នាំមុន ដោយធ្លាប់ធ្វើជាជំនួយការនៅក្លិបនេះផងដែរ។ ក្រោយបរាជ័យក្រោមថ្វីជើងក្រុម Swansea បានធ្វើឱ្យក្លិប Birmingham ស្ថិតក្នុងចំណាត់ថ្នាក់ទី ១៧ ក្នុងតារាងដែលមានតែ ៤ ពិន្ទុប៉ុណ្ណោះនៃតំបន់កាត់ចោល ខណៈនៅសល់ ៤ ប្រកួតទៀតប៉ុណ្ណោះក្នុងរដូវកាលនេះ។
ក្លិបបានចេញសេចក្តីថ្លែងការណ៍មួយថា “ក្រុមប្រឹក្សាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Pep ដែលខិតខំប្រឹងប្រែងក្នុងអំឡុងពេលពីរឆ្នាំកន្លងមក”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore