រាជធានីភ្នំពេញ ៖ សាលារៀនរដ្ឋ និងឯកជនជាច្រើនបានបើកទ្វារសិក្សាឡើងវិញ នៅថ្ងៃចន្ទ ទី៧ ខែកញ្ញានេះ ។ សិស្សានុសិស្ស និងគ្រូបង្រៀនបានវិលទៅថ្នាក់រៀនវិញ បន្ទាប់ពីខានបានជួបគ្នាអស់រយៈពេលជាច្រើនខែ ។ ការវិលទៅសាលារៀនវិញរបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅពេលនេះបានប្រកាន់ខ្ជាប់នូវទម្លាប់ថ្មីមួយ ដែលមិនអាចធ្វេសប្រហែសបានឡើយនោះ គឺគ្រប់គ្នាត្រូវពាក់ម៉ាក់ ឧស្សាហ៍លាងសម្អាតដៃ មានអាកុលជាប់នឹងខ្លួន ហើយត្រូវរក្សាគម្លាតពីគ្នាយ៉ាងតិចបានមួយម៉ែត្រកន្លះ ។
នៅក្នុងថ្ងៃដំបូងដែលវិលទៅថ្នាក់រៀនវិញនេះ គេឃើញសិស្សានុសិស្ស មានក្តីរីករាយ ដោយម្នាក់ៗពាក់ម៉ាសគ្រប់គ្នា ។ នៅមុខថ្នាក់រៀនមិនថា សាលារដ្ឋ ឬឯកជននោះទេ មានការត្រួតពិនិត្យ នៅមុខសាលារៀនដោយតម្រូវឲ្យសិស្ស លោកគ្រូ អ្នកគ្រូ ពាក់ម៉ាស លាងសម្អាតដៃនឹងអាកុល មុនអនុញ្ញាតឲ្យចូលថ្នាក់រៀន ។
សកម្មភាពនេះ មិនមែនត្រូវអនុវត្តមួយថ្ងៃនេះទេ គឺទាំងសិស្ស ទាំងគ្រូត្រូវ រក្សាទម្លាប់នេះជារហូតទៅ រហូតដល់មានការវិវឌ្ឍថ្មីនៃសកលលោកក៍ដូចជាប្រទេសកម្ពុជា ជាមួយនឹងជំងឺកូវីដ១៩នេះ ។
ទម្លាប់នេះអាចនឹងត្រូវអនុវត្តរហូតដល់ពេលណាពិភពលោកអាចគ្រប់គ្រងជំងឺកូវីដ១៩បាន ពោល គឺនៅមានថ្នាំព្យាបាល និងការពារ ។ ការបើកសាលារៀនឡើងវិញនៅថ្ងៃនេះ ជាដំណាក់កាលទី២ របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសាកល្បង និងវាយតម្លៃពីសុវត្ថិភាពក្នុងការសិក្សានៅក្នុងដំណាក់កាលជំងឺកូវីដ១៩នេះ មុនឈានទៅដល់ការបើកសាលារៀនឡើងវិញទាំងស្រុង ឬយ៉ាងណានៅពេលខាងមុខនេះ ។
សាលារៀនដែលទទួលបានការអនុញ្ញាតពីក្រសួងអប់រំ ឲ្យបើកទ្វារសិក្សាឡើងវិញនៅពេលនេះ តម្រូវឲ្យគោរពតាមគោការណ៍សុវត្ថិភាពជាច្រើនចំនុចដែលក្រសួងដាក់ចេញ និងត្រូវអនុវត្តឲ្យបានហ្មត់ចត់នូវវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំនានាដែលនៅជាធរមាន ។
គេសង្កេតឃើញថា មានគោលការណ៍សំខាន់ៗ ដែលត្រូវអនុវត្តនៅពេលបើកសាលារៀនឡើងវិញនោះ ដូចជា បរិវេណសាលាត្រូវបាញ់ថ្នាំសម្លាប់មេរោគ តាមបន្ទប់រៀនបានបរិយាកាសល្អ ខ្យល់ចេញចូលគ្រប់គ្រាន់ ចំនួនសិស្សនៅក្នុងបន្ទប់សិក្សាមិនឲ្យមានច្រើននោះឡើយ ។ ត្រូវមានគម្លាតរវាងសិស្ស និងគ្រូ និងរវាងសិស្សនិងសិស្ស ។ សិស្សានុសិស្សត្រូវពាក់ម៉ាសទៅរៀន មុខខ្លោងទ្វារសាលាមាន អាកុលលាងសម្អាតដៃ សម្រាប់សិស្ស និងបុគ្គលិកសិក្សាទាំងអស់ មុនអនុញ្ញាតឲ្យចូលថ្នាក់រៀន ។
រហូតមកដល់ពេលនេះ គេសង្កេតឃើញសាលារៀនជាច្រើន ដែលត្រៀមបើកទ្វារនៅថ្ងៃស្អែកនេះ បានជូនដំណឹងដល់ឪពុកម្តាយសិស្សទាំងអស់ ឲ្យចូលរួមសហការជាមួយសាលា មើលថែកូនចៅ អប់រំកូនពីការធ្វើអនាម័យខ្លួនប្រាណ លាងសម្អាតដៃ ក្នុងការការពារជំងឺកូវីដ១៩ ។ តាមពិតទៅអង្គការសុខភាពពិភពលោកក៏ដូចជា ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសជាច្រើនដងមកហើយ ឲ្យពលរដ្ឋអនុវត្តទម្លាប់ថ្មីនៅក្នុងសកម្មភាពប្រចាំថ្ងៃ ដោយមិនត្រូវធ្វេសប្រហែសនិងជំងឺកូវីដ១៩នេះទេ ។
ទម្លាប់ថ្មីដែលមានដូចជាត្រូវពាក់ម៉ាស់ ឧស្សាហ៍លាងសម្អាតដៃ កាត់បន្ថយការជួបជុំគ្នាដោយផ្ទាល់ រក្សាគម្លាតសង្គមជាដើម ។ ទម្លាប់ថ្មីដែលការពារជំងឺកូវីដ១៩នេះ ទាំងសិស្សានុសិស្ស ក៏ដូចជា ប្រជាពលរដ្ឋទូទៅត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ក្នុងការបង្ការកុំឲ្យឆ្លងជំងឺកូវីដ១៩នេះ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព