ជនរងគ្រោះពីរនាក់ម្តាយកូនត្រូវបានជួយសង្គ្រោះ បន្ទាប់ពីរថយន្តរបស់ពួកគេបានជាប់ផុងនៅក្នុងទឹកជំនន់នៃទីក្រុង Pattaya កាលពីរសៀលម្សិលមិញ។
កាលពីម្សិលមិញមានភ្លៀងធ្លាក់មួយមេយ៉ាងធំដែលភ្លៀងរយៈពេលពីរម៉ោងជាប់គ្នា។ ឡានពណ៌ខ្មៅរបស់ជនរងគ្រោះបានជាប់នៅក្នុងទឹកជំនន់ក្បែរផ្លូវរថភ្លើងនៃភូមិ Soi Khao Talo ដែលកម្រិតទឹកមានកម្ពស់ស្ទើរតែលិចដំបូលឡានទៅហើយ។
អ្នកបើកឡានជាស្ត្រីឈ្មោះ Sukanya Rueangsawat មានកូនប្រុសម្នាក់រួមដំណើរជាមួយ ត្រូវបានជួយសង្គ្រោះឱ្យមានសុវត្ថិភាពដោយមានជំនួយពីអ្នកស្រុកនិងប៉ូលិសចរាចរណ៍។
ជនរងគ្រោះបានប្រាប់កាសែតThe Pattaya News ថាទឹកជំនន់បានកើនឡើងយ៉ាងលឿនហើយជន់លិចឡានរបស់គាត់ពេលកំពុងធ្វើដំណើរតាមដងផ្លូវ។ ពេលដែលទឹកចាប់ផ្តើមឡើងកម្ពស់ អ្នកស្រីបានព្យាយាមបើកទ្វារឡានណាស់ដែរ ប៉ុន្តែមិនអាចបើកបានសោះ។ លោក Chanwit Poechaicub មន្ត្រីការពារគ្រោះមហន្តរាយធម្មជាតិបានប្រាប់កាសែត The Pattaya News ថាដំបូងឡើយលោកបានឃើញហេតុការណ៍នេះ ហើយលោកបានព្យាយាមវាយបំបែកកញ្ចក់ឡានដើម្បីជួយយកស្ត្រីនិងក្មេងប្រុសរងគ្រោះចេញពីឡាន។ បច្ចុប្បន្នជនរងគ្រោះទាំងពីរមានសុវត្ថិភាពហើយ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The pattaya news