បាល់ទាត់៖ ខ្សែបម្រើកណ្តាល Eric Dier របស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur រងការពិន័យព្យួរមិនឱ្យលេងបាល់ ៤ ប្រកួត និងពិន័យជាប្រាក់ចំនួន ៤០,០០០ ផោន ឬប្រមាណ ៥ ម៉ឺនដុល្លារបន្ទាប់ពីកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានប៉ះទង្គិចគ្នាមួយប្រាវជាមួយអ្នកគាំទ្រនៅក្នុងអំឡុងពេលលេងការប្រកួតពានរង្វាន់ FA Cup កាលពីខែមីនាកន្លងទៅ។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយពីក្របខ័ណ្ឌ FA របស់អង់គ្លេស។
រឿងរ៉ាវខាងលើបានកើតឡើងនៅពេល ក្រុម Tottenham ប្រកួតចាញ់ Norwich City ក្នុងពានរង្វាន់ FA Cup ដោយការទាត់បាល់ប៉េណាំងទី កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។ បើតាមការមើលជាក់ស្តែងនៅក្នុងវីដេអូប្រកួតនោះឃើញថា ក្រោយបញ្ចប់ការប្រកួតកីឡាកររបស់ក្រុមទាំងពីរបានដើរសំដៅទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់រៀងៗខ្លួន ដោយឡែកខ្សែបម្រើ Dier ត្រូវបានអ្នកគាំទ្របោះពាក្យសម្តីឌឺដងធ្វើឱ្យរូបគេទ្រាំមិនបានក៏មានការប្រទូសរ៉ាយភ្លាមៗតែម្តង។ បើតាមការបញ្ជាក់ពីបណ្តាសារព័ត៌មានបានឱ្យដឹងពីការប្រតិកម្មរបស់កីឡាករវ័យ ២៦ ឆ្នាំរូបនេះទៅលើអ្នកគាំទ្រ ដោយសារពេលនោះ មានការប្រមាថចំពោះប្អូនប្រុសរបស់គេ។
សូមបញ្ជាក់ថា ក្រោយរងការពិន័យនេះ ធ្វើឱ្យ Dier ខកខានជួយក្រុមចំនួន ៤ ប្រកួតនៅក្របខ័ណ្ឌ Premier League ខណៈពេលដែលក្រុម Tottenham នៅសល់ត្រឹមតែ ៥ ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់យុទ្ធនាការដូវកាលនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore