បាល់ទាត់៖ ប្រធានក្លិប Barcelona លោក Josep Maria Bartomeu ជឿជាក់ថាខ្សែប្រយុទ្ធ Lionel Messi នឹងចូលនិវត្តន៍នៅទឹកដីអេស្ប៉ាញ ហើយមិនមានការភ័យខ្លាចថាគាត់នឹងមិនបន្តកុងត្រាថ្មីជាមួយក្លិបទេ។
កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ៣៣ ឆ្នាំរូបនេះ នឹងផុតកុងត្រានៅឆ្នាំ២០២១ ហើយត្រូវបណ្តាសារព័ត៌មានផ្សារភ្ជាប់ថានឹងមានការចាកចេញពីក្លិបនៅចុងបញ្ចប់រដូវកាលនេះ។ តែទោះជាយ៉ាងណាក៏ដោយ លោក Bartomeu នៅតែជឿជាក់ថា Messi នឹងបន្តស្នាក់នៅក្លិប Barca ទាល់តែចូលនិវត្តន៍តែម្តង។
ប្រធានក្លិបរូបនេះ បានប្រាប់វិទ្យុអេស្ប៉ាញ RAC1 កាលពីថ្ងៃអង្គារកន្លងទៅថា៖ “ខ្ញុំមើលឃើញថា Messi ចង់ស្នាក់នៅទីនេះ [Barcelona] ហើយខ្ញុំជឿជាក់ថាគាត់នឹងចូលនិវត្តន៍នៅទីនេះតែម្តងដូចដែលគាត់ធ្លាប់និយាយពីមុន”។
សូមបញ្ជាក់ថា Messi កើតចេញពីថ្នាលយុវជនរបស់ក្លិប Barcelona ហើយបានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការជាលើកដំបូងនៅឆ្នាំ២០០៤ ទល់នឹងក្រុម Espanyol។ ចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន គេរកបាន ៦៣០ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៧២៥ ប្រកួត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-espana