បាល់ទាត់៖ ក្លិប Barcelona ដាក់គោលដៅផ្ទេរអតីតខ្សែបម្រើស្លាបស្តាំ Adama Traore របស់ពួកគេពីក្លិប Wolves មកវិញ ក្រោយចាកចេញអស់រយៈពេល ៥ ឆ្នាំកន្លងទៅ ខណៈពេលដែលក្លិប Manchester City និង Juventus ក៏បានចាប់អារម្មណ៍ចង់ចុះហត្ថលេខានៅទីផ្សារកីឡារដូវក្តៅនេះបើកទ្វារផងដែរ។
យោងតាមសារព័ត៌មាន ESPN បានឱ្យដឹងថា Barcelona ហាក់កំពុងមានចំណាប់អារម្មណ៍ទៅលើអតីតខ្សែបម្រើរបស់ខ្លួនវិញ ក្រោយរូបគេមានការអភិវឌ្ឍន៍សមត្ថភាព និងបច្ចេកទេសលេងបានយ៉ាងល្អ បន្ទាប់ពីផ្លាស់ទៅចូលរួមជាមួយ Wolves កាលពីឆ្នាំ២០១៨ កន្លងទៅ។ រូបគេរកបាន ៧ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន ១៥ ដងផងដែរ ពីការបង្ហាញខ្លួនសរុបទាំងអស់ចំនួន ៨៣ ប្រកួតឱ្យក្លិប Wolves រយៈពេល ២ រដូវកាលកន្លងទៅ។
យ៉ាងណាមិញ ក្រោយកីឡាករ Traore បង្ហាញទម្រង់លេងល្អបែបនេះ ក៏ធ្វើឱ្យក្លិបលំដាប់កំពូលពីរផ្សេងទៀតចាប់អារម្មណ៍ផងដែរ នោះគឺ Manchester City និង Juventus ដែលកំពុងរង់ចាំទទួលស្វាគមន៍ផ្តល់កុងត្រាឱ្យខ្សែបម្រើសញ្ជាតិអេស្ប៉ាញវ័យ ២៤ ឆ្នាំរូបនេះជានិច្ច៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-espana