បាល់ទាត់៖ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្លិប Manchester City បាននិយាយពាក្យក្នុងចិត្តថា ចង់ឃើញខ្សែប្រយុទ្ធឆ្នើម Lionel Messi ស្នាក់នៅជាមួយក្លិប Barcelona នៅថ្ងៃអនាគតបន្តទៀត។
កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ៣៣ ឆ្នាំរូបនេះ នឹងផុតកុងត្រានៅឆ្នាំ២០២១ ហើយត្រូវបណ្តាសារព័ត៌មានផ្សារភ្ជាប់ថានឹងមានការចាកចេញពីក្លិបនៅចុងបញ្ជប់រដូវកាលនេះ បន្ទាប់ពីខ្លួនគេបានខកខានឈ្នះពានរង្វាន់កំពូលរបស់អឺរ៉ុប Champions League ជាមួយ Barcelona ចាប់តាំងពីឆ្នាំ២០១៥ កន្លងមក។ ជារឿយៗខ្សែប្រយុទ្ធរូបនេះ ត្រូវបានផ្សារភ្ជាប់នឹងការផ្ទេរទៅចូលរួមជាមួយក្លិប Man City និង Inter-Milan ផងដែរ ខណៈពេលដែលថ្មីៗកន្លងទៅសារព័ត៌មានធំៗនៅអេស្ប៉ាញបានអះអាងថា រូបគេបដិសេធមិនព្រមបន្តកុងត្រារយៈពេលវែងនៅទឹកដី Camp Nou ទៀតទេ។
ក្រោយដំណឹងនេះបានបែកសាយពាសពេញបណ្តាសារព័ត៌មានធំៗកន្លងទៅ លោក Guardiola អ្នកចាត់ការទូទៅក្លិប Man City បាននិយាយថា៖ “ខ្ញុំនឹងមិននិយាយអំពីការផ្ទេរនៅចុងបញ្ចប់នៃរដូវកាលនេះទេ”។ បំណងរបស់ខ្ញុំ គឺចង់ឃើញ Messi បន្តស្នាក់នៅ Barcelona ទៅមុខទៀត”។
សូមបញ្ជក់ថា Messi ធ្លាប់លេងក្រោមការដឹកនាំរបស់លោក Guardiola ចំនួន ៤ រដូវកាល ដោយរយៈពេលនោះលោកនិងខ្សែប្រយុទ្ធរូបនេះ មានអនុស្សាវរីយ៍ និងបទពិសោធន៍ល្អៗជាមួយគ្នាជាច្រើន មុនលោកផ្លាស់ទៅដឹកនាំ Bayern Munich នៅឆ្នាំ២០១៣ ហើយក្រោយមកបុរសវ័យ ៤៩ ឆ្នាំបានផ្លាស់មកដឹកនាំ Man City នៅឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ន៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore