ប្រាសាទបុរាណខ្មែរមួយមានរូបរាង និងរចនាបថស្រដៀងគ្នាសឹងបេះបិទទៅនឹងប្រាសាទបន្ទាយស្រីដ៏ល្បីល្បាញ បើទោះជាមួយស្ថិតនៅខេត្តសៀមរាប និងមួយស្ថិតនៅខេត្តព្រះវិហារក៏ដោយ។
ប្រាសាទនេះមានឈ្មោះថាភ្នំសណ្ដក មានទីតាំងស្ថិតនៅភូមិតែង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទភ្នំសណ្ដកឈរលើកំពូលភ្នំខ្ពស់បង្គួរមួយ គ្របដណ្ដប់ដោយព្រៃក្រាស់ឃ្មឹក គ្មានស្លាកសញ្ញាប្រាប់ទីតាំង មិនទាន់មានធ្វើផ្លូវចូល ឬផ្លូវឡើងទេ ថែមទាំងគ្មានអ៊ីនធឺណិតសម្រាប់ប្រើជីភីអេសទៀតផង។
បើតាមការអះអាងរបស់ក្រុមអ្នករុករក ដើរទៅស្វែងរកប្រាសាទនោះស្មានៗតាមអ្នកស្រុកប្រាប់ និងត្រូវដើរឡើងសសៀរៗតាមជម្រាលភ្នំចោតៗកាត់ព្រៃ ទាំងព្រឺខ្លួន ស្ទើរតែបោះបង់ចោលបេសកកម្មរបស់ខ្លួនទៅហើយ។
យ៉ាងណាក្រុមរុករកបានបន្តដំណើរទៅដល់ចង្កេះភ្នំនៅម៉ោងពីររសៀល រួចបន្តឡើងភ្នំ ទាំងមិនដឹងទិស កាត់ជម្រាលចោតៗ កណ្ដាលព្រៃងងឹតស្លុបក្រោមទិដ្ឋភាពមេឃចង់ភ្លៀងតោងព្រៃតោងវល្លិ ទម្រាំឡើងដល់លើភ្នំ និងរកប្រាសាទឃើញនៅម៉ោងប្រាំល្ងាច។
បើតាមក្រុមរុករកបានបកស្រាយថាប្រាសាទនេះធំស្អាតគួរអោយស្ញប់ស្ញែង សង់ពីឥដ្ឋលាយថ្មភក់ ថ្មបាយក្រៀមខ្មៅ មានអាយុកាលសាងសង់មុនអង្គរវត្ត មានសំណង់ រចនាបថស្រដៀងគ្នានឹងបន្ទាយស្រីប៉ុន្តែមិនទាន់អាចបកស្រាយថាក្នុងរាជ្យស្ដេចអង្គណានៅឡើយ ដោយទុកតួនាទីនេះឲ្យក្រុមអ្នកជំនាញជាអ្នកសិក្សា៕
ប្រភពរូប៖ Thyvottha