12:18
ក្រចេះ ÷បុរសម្នាក់ឆ្នៃគ្រាប់បែកសាំង៣គ្រាប់ គប់ចូលផ្ទះឪពុកម្តាយក្មេក
ពេលដែលដុតភ្លើង ប្រុងគប់ចូលផ្ទះ ស្រាប់តែឆាបឆេះរលាកខ្លួនឯងនិងកូនប្រុសរបស់ខ្លួនទៅវិញ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលា
ម៉ោង១រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចដីស្រែចំការ មានចម្ងាយពីផ្លូវជាតិលេខ៧ ប្រហែល១០គីឡូម៉ែត្រ ក្នុងភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
ជនសង្ស័យឈ្មោះ ធា ធី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកើតហេតុខាងលើ។
ប្រភពព័ត៍នៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ ដោយសារមានទំនាស់គ្នានាពេលកន្លងមក បុរសជាកូនប្រសារបានយកគ្រាប់បែកកែច្នៃចំនួន០៣គ្រាប់ និងសាំងចំនួន៣ដប ក្នុងគោលបំណងយកទៅគប់ចូលផ្ទះឪពុកម្តាយក្មេករបស់ខ្លួន ដើម្បីសម្លាប់ តែពេលដុតគ្រាប់បែកច្នៃ១គ្រាប់ដំបូង ខុសបច្ចេកទេស ក៏ផ្ទុះត្រូវរបួសដៃស្តាំខ្លួនឯង និងត្រូវឆេះរោលលើកូនប្រុសខ្លួនឯងម្នាក់ទៀត បណ្តាលឲ្យរងរបួស។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះទៅធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យខាងលើ បាននៅវេលាម៉ោង៣រសៀលថ្ងៃខែឆ្នាំដដែល ខណៈកំពុងរត់គេចខ្លួនក្នុងចម្ការ។ តែទោះជាយ៉ាងណា ជនសង្ស័យ និងកូនប្រុសតូចម្នាក់ត្រូវបញ្ជូនទៅសម្រាកព្យាបាលបន្តនៅមន្ទីរពទ្យបង្អែកខេត្តក្រចេះ នឹងចាត់ការតាមនីតិវិធី៕ដោយ សួង សាម