បាល់ទាត់៖ តាមសេចក្តីរាយការណ៍អ៊ីតាលីបានឱ្យដឹងថា ក្លិប Benevento ជិតឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាយកខ្សែការពារ Kamil Glik របស់ក្លិប Monaco ក្នុងតម្លៃ ៣ លានអឺរ៉ូ។
អ្នកកាសែតល្បីឈ្មោះ Journalist Nicolò បានសរសេរក្នុង Twitter ថា Benevento ជិតឈានដល់កិច្ចព្រមព្រៀង មួយដែលតម្លៃ ៣ លានអឺរ៉ូជាមួយនឹងក្លិប Monaco ក្នុងការផ្ទេរខ្សែការពារ Glik នៅរដូវក្តៅនេះ។ របាយការណ៍នេះ បានអះអាងថា Glik នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំជាមួយ Benevento ដែលកំពុងលេងនៅលីគលំដាប់ទី ២ របស់ប្រទេសអ៊ីតាលី Serie B ហើយនឹងត្រៀមឡើងមកលេងលីគកំពូល Serie A នៅរដូវកាលក្រោយ។
គួរឱ្យដឹងដែរថា Glik ជាអតីតខ្សែការពារ Torino មុនពេលរូបគេផ្លាស់ទៅចូលរួមជាមួយ Monaco នៅឆ្នាំ២០១៦ ដោយបានបង្ហាញខ្លួនសរុបចំនួន ១៧៦ ប្រកួតរកបាន ១៤ គ្រាប់ផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia