ទីក្រុងអង្គរធំ គឺជាទីក្រុងដ៏ធំមួយដែលត្រូវបានគេសាងសង់ឡើងវិញនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧។ ក្នុងការកសាងឡើងវិញនេះ ព្រះអង្គបានជ្រើសយកប្រាសាទបាយ័នជាចំណុចកណ្ដាលនៃរាជធានី ហើយទីក្រុងត្រូវបានហ៊ុមព័ទ្ធដោយគូទឹក និងកំពែងថ្មបាយក្រៀម។ ច្រកចេញចូលទីក្រុងត្រូវបានគេសាងសង់ឡើងមានចំនួន ៥ ដោយមានមុខងារខុសៗគ្នា។ ក្នុងចំណោងខ្លោងទ្វារទាំង ៥ នោះ មានខ្លោងទ្វារមួយដែលមានឈ្មោះថា ខ្លោងទ្វារដីឆ្នាំង។
ខ្លោងទ្វារដីឆ្នាំង ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង ៥ នៃក្រុងអង្គរធំ ហើយជាខ្លោងទ្វារនៅទិសខាងជើងនៃទីក្រុង។
កាលពីសម័យបុរាណ ខ្លោងទ្វារនេះត្រូវបានគេប្រើប្រាស់សម្រាប់ពួកព្រាហ្មណ៍បុរោហិតចូលមកក្នុងទីក្រុងដើម្បីចូលគាល់ព្រះមហាក្សត្រស្នើសុំឲ្យទ្រង់លើកលែងទោសដល់អ្នកដែលមានទោសស្រាល។ទំនៀមនេះនៅតែមានដល់សព្វថ្ងៃនេះ ដោយព្រះមហាក្សត្រតែងតែលើកលែងទោសដល់ទណ្ឌិតដែលមានទោសស្រាល ក្នុងពេលដែលមានពិធិបុណ្យជាតិធំៗនានា។