អគារប៉មពន្លឺ ដែលភាសាអង់គ្លេសហៅថា Lighthouse ឬខ្មែរយើងហៅម្យ៉ាងទៀតថា “សើន” គឺជាអគារកដោយឥដ្ឋសម្រាប់អុជភ្លើងបំភ្លឺជាគ្រឿងចំណាំជ្រុងជ្រោយទន្លេ ឬសមុទ្រ។
សើន មានវត្តមានច្រើននៅស្រុកខ្មែរអំឡុងសម័យអាណានិគម ដោយបារាំងបានសង់វាឡើងដើម្បីកុំឲ្យអ្នកដំណើរជើងទឹកវង្វេងផ្លូវក្នុងវេលាយប់ ឬសម្រាប់ឡើងមើលដំណើរចេញចូលនៃអ្នកនាំទំនិញរំលងគយ ឬក៏សម្រាប់ឡើងមើលដំណើរលបចូលមកនៃពួកបច្ចាមិត្ត។
នៅសម័យអាណានិគម បារាំងបានសង់ប៉មសង់ប៉មយាមនេះស្ទើរតែពេញស្រុកខ្មែរ តែមកដល់សព្វថ្ងៃ យើងមិនសូវជាបានឃើញប៉មរបៀបនេះទេ គឺនៅសល់តិចតួចបំផុតដូចជា ត្រើយខាងកើតស្ពានទន្លេបិទ, នៅស្រុកក្រូចឆ្មារ ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងនៅលើកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ -ល-។
នៅភ្នំពេញពីដើមមានសល់ សើនមួយត្រង់ចំណុចសណ្ឋាគារសុខា ជ្រោយចង្វា។ វាធ្វើឡើងពីឥដ្ឋសង់ក្នុងឆ្នាំ១៨៦៨ដើម្បីសម្គាល់ទីតាំងរាជធានីភ្នំពេញសម្រាប់នាវាដែលឆ្លងកាត់និងសម្រាប់ ពួកបារាំងយាមចាំមើលខ្មាំងសត្រូវពីចម្ងាយ។ គួរឲ្យស្ដាយ សើនត្រូវបានបំផ្លាញចោល លែងមានវត្តមាននៅទីនោះទៀតហើយសព្វថ្ងៃនេះ៕
អត្ថបទ៖ WowCambodian