Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សាលារដ្ឋទើបជារឿងអាទិភាព ដែលពលរដ្ឋទាមទារ ឲ្យក្រសួងពិចារណាបើកទ្វារឆាប់ៗ

ប្រជាពលរដ្ឋជាច្រើន បានត្រេកអរ ចំពោះការប្រកាសឱ្យបើកដំណើរការសាលារៀនឯកជនឡើងវិញ ប៉ុន្តែពួកគេក៏បានទទូចស្នើសុំឱ្យក្រសួងពាក់ព័ន្ធ គួរគិតពិចារណា ទៅលើការបើកដំណើរការ សា​លារៀនរដ្ឋ ក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យកូនៗរបស់ពួកគេ អាចចូលរៀនបានយ៉ាងពេញលេញ និងតាមពេលវេលា នៃម៉ោងកំណត់ដូចគ្រាមុន។

ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ការរៀនតាមអនឡាញ មិនបានធ្វើឱ្យកូនរបស់ពួកគេចេះដឹង ដូចនៅក្នុងថ្នាក់រៀនទេ រីឯការបើកសាលារៀនឯកជនឡើងវិញ បានធ្វើឱ្យពួកគេគ្មាន​ថវិកា​បង់​ថ្លៃសិក្សាឱ្យកូនចូលរៀនដែរ ដូច្នេះពួកគេសង្ឈឹមថា ក្រសួងអប់រំមិនពន្យារពេល បើកសាលារៀនរដ្ឋយូរឡើយ។

បុរសម្នាក់ដែលប្រកបមុខរបររត់រ៉ឺម៉ក់កង់បី ឈ្មោះសុខុម អាយុ៤៧ឆ្នាំបានឱ្យដឹងថា សប្បាយចិត្តពេលបានដឹងថា ក្រសួងអប់រំប្រកាសបើកសាលារៀន បើទោះបីជាជំហានដំបូង បើកសាលាឯកជន​ក្តី។ “យើងបានបង្ហាត់បង្រៀនកូន តាមអនឡាញ បានតិចតូចប៉ុណ្ណោះ។ ខ្ញុំអគុណខ្លាំង បើសិនជាឆាប់បើកសាលារៀនរដ្ឋ”។

ស្ត្រីម្នាក់ឈ្មោះ មឿន មុំ ប្រកបមុខរបរលក់សាច់គោអាំង នៅម្តុំផ្សារដើមគរបានប្រាប់ឱ្យដឹងថា គាត់ជឿជាក់ថា សាលារៀនរដ្ឋ នឹងគ្រោងបើកក្នុងពេលឆាប់ៗដូចគ្នា។

ស្រដៀងគ្នាផងដែរ ស្រី មុំ អាជីវករលក់ផ្លែឈើ បានសំណូមពរថា ឥឡូវនេះ កូវីដរកលុយមិនបាន ដូច្នេះស្នើឱ្យក្រសួងពាក់ព័ន្ធ បើកសាលារៀនរដ្ឋក្នុងពេលឆាប់ៗ។ “ រាល់ថ្ងៃកូនៗខ្ញុំនៅជុំគ្នាអត់រៀន​សូត្រអ្វីទេ ដូច្នេះខ្ញុំបារម្ភខ្លាចពួកគេអត់ចេះ ខ្ញុំចង់ឱ្យកូនរៀនសាលាឯកជនដែរ ប៉ុន្តែពេលនេះអត់លុយបង់សាលាទេ”។

ប្រជាពលរដ្ឋម្នាក់ទៀត ថោង ស្រីទូច អាយុ៤០ឆ្នាំ បានប្រាប់ថា “ខ្ញុំអរណាស់លឺថា សាលាបើកឡើងវិញ ព្រោះកូនខ្ញុំរៀនតាមអនឡាញរាល់ថ្ងៃនេះ គឺអត់ចេះទេ។ ដូច្នេះសំណូមពរ ឱ្យបើកសាលា​រៀនវិញ ក្នុងពេលឆាប់ៗ”។

ស្រ្តីប្រកបមុខរបរលក់ផ្លែឈើម្នាក់ទៀតឈ្មោះផល្លី បានឱ្យដឹងថា ស្ថានភាពស្រុកខ្មែរបានស្ងប់ស្ងាត់ហើយ ទើបរដ្ឋាភិបាល អាចអនុញ្ញាតឱ្យសាលាមួយចំនួនបើកឡើងវិញ។ “ខ្ញុំសូមសំណូម​ពរឱ្យរដ្ឋា​ភិបាល បើកសាលារៀនរដ្ឋឡើងវិញផង ហើយកុំយកថ្លៃបង់សាលាអី ព្រោះស្ថានភាពកូវីដ រកលុយមិនទាន់បានទេ”។

បើតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជននិង កីឡា លោករស់ សុវាចា បានឱ្យដឹងថា តាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជំហររបស់ក្រសួងអប់រំ យុវជន និងកីឡា លើការបើកដំណើរការ​សាលារៀនទាំងអស់ឡើងវិញ គឺនឹងប្រព្រឹត្តិទៅតាមបីដំណាក់កាល÷ ដំណាក់កាលទី១ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដាអប្បបរមា។

កន្លងមកនេះ លោកស្រីវេជ្ជបណ្ឌិតយក់សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលនិងក្រសួងអប់រំយុវជននិងកីឡា បានឯកភាពគ្នាអនុញាត​ឱ្យ​បើក​សាលា​រៀនជាបណ្តើរៗឡើងវិញ នៅខែសីហាឆ្នាំ 2020 ខាងមុខនេះ។

ជាមួយគ្នានេះ ការប្រកាសបើកសាលារៀនអន្តរជាតិ ដែលមានស្តង់ដាសុវត្ថិភាពខ្ពស់ ក្នុង​ដំណាក់កាលទី១ គឺជាក្តីសង្ឈឹមសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ពួកគេមានជំនឿថា ក្រសួងអប់រំយុវជន​នឹង​កីឡា នឹងអាចបន្តបើកសាលារៀនរដ្ឋវិញដែរ ក្នុងពេលឆាប់ៗ ប្រសិនបើការបើកសាលាឯកជនធំៗ បានទទួលជោគជ័យ លើការអនុវត្តនូវវិធានការ ដាក់គម្លាតឱ្យនៅឆ្ងាយពីគ្នា និងការធ្វើអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9459569