ខ្លោងទ្វារតាកៅ (ឬតាកាវ) ស្ថិតនៅទិសខាងលិចជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង ៥ របស់ក្រុងអង្គរធំ។ ខ្លោងទ្វារនេះ ត្រូវបានគេប្រើប្រាស់សម្រាប់យកអ្នកទោសទៅកាត់ទោស។ តាមឯកសារ អ្នកដែលមានទោសធ្ងន់ ត្រូវបានគេជីកដីកប់ទាំងរស់ ហើយយកដីឬថ្មសង្កត់ពីលើ រីឯអ្នកមានទោសស្រាលត្រូវកាត់ម្រាមដៃ ម្រាមជើង ឬកាត់ច្រមុះផងក៏មាន។
ខ្ញុំបានសាកសួរពីមូលហេតុថាហេតុអីបានជាគេហៅខ្លោងទ្វារនេះថាខ្លោងទ្វារតាកៅ (ឬតាកាវ) ប៉ុន្តែមិនមានចម្លើយនោះទេ។ ដូច្នេះ ប្រសិនបើមានអ្នកណាដឹង សូមជួយចែករំលែកផងណា៎!
បញ្ជាក់៖ ជនបរទេសខ្លះ និងប្រជាជនខ្មែរយើងនៅតែមានការយល់ច្រលំថា អង្គរធំជាប្រាសាទ ប៉ុន្តែតាមការពិតវាគឺជាឈ្មោះទីក្រុងដែលស្ថិតនៅក្នុងកំពែងអង្គរធំប៉ុណ្ណោះ។ ហើយខ្លោងទ្វារទាំង ៥ នេះ គឺជាច្រកចេញចូលនៃក្រុងអង្គរធំនេះឯង។
កុំភ្លេចទៅថតរូបលេងនៅទីនេះណា៎ (តាមផ្លូវដីក្រហមទៅខ្លោងទ្វារនេះក៏ស្អាតដែរ) ហើយបើទិញអីទៅញ៉ាំសូមទុកដាក់សំរាមក្នុងធុងសំរាមឲ្យបានត្រឹមត្រូវកុំបោះចោលពាសវាលពាសកាល ព្រោះវាធ្វើឲ្យតម្លៃបេតិកភណ្ឌយើងធ្លាក់ចុះ ហើយជនបរទេសនឹងវាយតម្លៃជាតិយើងក្នុងន័យមិនល្អ។