បាល់ទាត់៖ ក្លិប Fiorentina មានការចាប់អារម្មណ៍ក្នុងការផ្តល់តួនាទីជាគ្រូបង្វឹកឱ្យលោក Daniele De Rossi ដឹកនាំក្រុមនៅរដូវកាលក្រោយ។
យោងតាមកាសែតអ៊ីតាលី Corriere dello Sport បានឱ្យដឹងថា លោក De Rossi បានក្លាយជាបេក្ខភាពមួយរូបដែលកំពុងត្រូវបាននាយកប្រតិបត្តិក្លិប Fiorentina ចង់ឱ្យមកកាន់តួនាទីជំនួសគ្រូបង្វឹកចាស់ គឺលោក Beppe Iachini។ កៅអីរបស់លោក Iachini កំពុងតែក្តៅក្រោយដឹកនាំ Fiorentina មិនបានល្អ ដោយបណ្តាលឱ្យក្លិបធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ ១៣ ក្នុងតារាងពិន្ទុក្របខ័ណ្ឌ Serie A រដូវកាលនេះ។ Fiorentina មិនមានគម្រោងទុកបុរសជនជាតិអ៊ីតាលីវ័យ ៥៦ ឆ្នាំរូបនេះ ឱ្យបន្តដឹកនាំក្រុមនៅរដូវកាលក្រោយទៀតទេ ខណៈពេលដែលពួកគេកំពុងចង់តែងតាំងអតីតខ្សែបម្រើក្លិប Roma គឺលោក Rossi កាន់តួនាទីនេះជំនួស។
គួរបញ្ជាក់ផងដែរថា លោក Rossi ទើបតែប្រកាសចូលនិវត្តន៍នៅដើមឆ្នាំ២០២០ ក្រោយផ្លាស់ទៅលេងជាមួយក្លិប Boca Juniors បានមួយរដូវកាល។ បច្ចុប្បន្ន រូបលោកមិនទាន់មានតួនាទីអ្វីមួយក្នុងវិស័យបាល់ទាត់នៅឡើយទេ ខណៈពេលដែលថ្ងៃអនាគតលោកចង់ក្លាយជាគ្រូបង្វឹកដូចជាឪពុករបស់ខ្លួន៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia