បាល់ទាត់៖ ក្លិប Barcelona ធ្វើការបញ្ជាក់ជាផ្លូវការថា ក្រោយឆ្លងកាត់ការពិនិត្យរបួសរួចមកក្រុមវេជ្ជបណ្ឌិតបានបង្ហាញលទ្ធផលថា ខ្សែការពារកណ្តាល Samuel Umtiti កំពុងមានបញ្ហាជង្គង់ធ្ងន់ធ្ងរ ហើយអាចនឹងចំណាយរយៈពេលព្យាបាលយូរផងដែរ។
កីឡាករអន្តរជាតិបារាំងរូបនេះ ត្រូវបានក្រុមគ្រូពេទ្យសង្ស័យថាហាក់កំពុងមានបញ្ហារបួស បន្ទាប់ពីលេងពេញ ៩០ នាទីក្នុងការប្រកួតស្មើជាមួយក្រុម Celta Vigo កាលពីសប្តាហ៍មុន ក្រោយមកក្លិបក៏បានបញ្ជូនរូបគេទៅពិនិត្យនៅក្នុងគ្លីនីក ហើយលទ្ធផលចេញមកបញ្ជាក់ថាខ្សែការពារ Umtiti ទទួលរងការប៉ះទង្គិចជង្គង់ធ្ងន់ធ្ងរ ដោយនឹងអាចខកខានរដូវកាលដែលនៅសេសសល់។
សម្រាប់រដូវកាលនេះ កីឡាករវ័យ ២៦ ឆ្នាំមានឱកាសបង្ហាញខ្លួនសម្រាប់ក្លិបចំនួន ១៣ ប្រកួតប៉ុណ្ណោះ បន្ទាប់ពីរូបគេទើបតែជាសះស្បើយពីបញ្ហារបួសកំភួនជើងជាងមួយខែកន្លងមក ប៉ុន្តែបច្ចុប្បន្នគេកំពុងមានបញ្ហារបួសសាជាថ្មី ក្រោយលេងបាន ៦ ប្រកួតនៃការចាប់ផ្តើមយុទ្ធនាការឡើងវិញក្នុងក្របខ័ណ្ឌ LaLiga របស់អេស្ប៉ាញ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-espana