បុទុមវតីរាជវររាមត្រូវបានកសាងឡើងនៅគ.សឆ្នាំ១៤៤២ ក្នុងរាជព្រះបរមរាជា ព្រះបាទសម្តេចព្រះចៅ ពញាយ៉ាត ស្ថាបនិកសម័យចតុមុខ។
ព្រះអង្គបានកសាងវត្តនេះលើទីទួលខ្ពស់មានទទឹង២២០ម៉ែត្រ,បណ្ដោយ២៦០ម៉ែត្រ ហើយខាងមុខមានដីទំនាប និងខាងត្បូងមានខ្ពបជាកន្លែងចម្ការរបស់តាយ៉ង អាស្រ័យហេតុនេះទើបទ្រង់សព្វព្រះរាជហឫទ័យព្រះរាជបញ្ញត្តិអោយឈ្មោះវត្តថា វត្តខ្ពបតាយ៉ង។
ក្រៅពីសំណង់បុរាណជាច្រើន នៅបរិវេណអារាមដ៏ចំណាស់នេះមានបន្សល់ទុកនូវចេតិយដ៏ធំស្កឹមស្កៃមួយនៅខាងមុខដែលមិនសូវមានអ្នកដឹងពីប្រវត្តិ និងចាប់អារម្មណ៍។ តាមពាក្យចារឹកលើប្រាង្គចារថាបូជនីយដ្ឋាននេះសាងក្នុងពុទ្ធសករាជ ២៤៥២ ត្រូវនឹងឆ្នាំ១៩០៩ ក្នុងរាជ្យព្រះករុណា ព្រះស៊ីសុវត្ថិ ព្រះរាជានុកោដ្ឋ។
ផ្នែកខាងលើប្រាង្គព្រះចេតិយតម្កល់ព្រះបរមសារីរិកធាតុ១ព្រះអង្គ និងព្រះអរហន្ដធាតុ១ព្រះអង្គ។ ផ្នែកខាង ក្រោមមានបញ្ចុះព្រះអដ្ឋិធាតុសម្ដេចប៉ាន ជាសម្ដេចព្រះសង្ឃនាយកគណៈធម្មយុត្តិកនិកាយ, ព្រះអដ្ឋិធាតុ សម្ដេចព្រះសង្ឃនាយក ភទ្ទគូ អៀម និងសម្ដេចព្រះមង្គលទេពាចារ្យ បញ្ញាបោ ស៊ុក។
ទោះជាមានអាយុប្រមាណ១១១ឆ្នាំតែចេតិយបុរាណនេះត្រូវបានជួសជុលកែលម្អជាច្រើនដងហើយការជួសជុលចុងក្រោយបំផុតគឺក្នុងឆ្នាំ២០០២៕
កែសម្រួល៖ WowCambodian