សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតចេញពីកោះ Sak នៅតំបន់ Naklua កាលពីរសៀលថ្ងៃសុក្រនេះ។
លោកវរសេនីយ៍ទោ Somphon Nakkampan ប្រធានស្នងការដ្ឋាននគរបាលទីក្រុង Pattaya ត្រូវបានជូនដំណឹងអំពីការរកឃើញសាកសពជនរងគ្រោះនៅវេលាម៉ោង ២ រសៀលថ្ងៃសុក្រ។ ប៉ូលិសនិងក្រុមអ្នកសង្គ្រោះបានមកដល់កន្លែងកើតហេតុដែលមានចម្ងាយប្រហែល ២គីឡូម៉ែត្រពីកោះ Sak។ ជនរងគ្រោះមានអាយុប្រហែល ៣០ឆ្នាំ ស្លៀកខោខៅប៊យខ្លី និងអាវយឺតពណ៌ខ្មៅបានអណ្តែតផ្កាប់មុខទៅក្នុងទឹកសមុទ្រ។ ប៉ូលិសរកមិនឃើញសញ្ញាណាមួយដែលបញ្ជាក់ថាជនរងគ្រោះត្រូវគេវាយធ្វើបាបនៅលើដងខ្លួននោះទេ ។ ប៉ូលិសជឿជាក់ថាបុរសនេះបានស្លាប់យ៉ាងតិច ៣ថ្ងៃ មុនពេលសាកសពរបស់គេត្រូវបានរកឃើញ។
អ្នកបើកទូកនេសាទក្នុងស្រុកម្នាក់បានប្រាប់កាសែត Pattaya ថាគាត់ជឿជាក់ថាបុរសនោះអាចជាអ្នកនេសាទម្នាក់ដែលមានគេរាយការណ៍ថាបានបាត់ខ្លួនកាលពី ២ថ្ងៃមុន។ សាកសពមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយបច្ចុប្បន្នត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The pattaya news