កាលពីថ្ងៃសុក្ររដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួនម្នាក់ជាជនជាតិថៃមកពីប្រទេសបារ៉ែន ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅក្នុងប្រទេសកើនឡើងដល់ ៣១៨០នាក់។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថា អ្នកជំងឺថ្មីគឺជាស្ត្រីអាយុ ២៤ឆ្នាំ ត្រឡប់មកពីប្រទេសបារ៉ែនហើយមកដល់ប្រទេសថៃកាលពីថ្ងៃអាទិត្យ និងត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកក្នុងខេត្ត Chon Buri។
អ្នកជំងឺមានអាការឈឺបំពង់កនិងរាគហើយមានធ្វើតេស្តទទួលបានលទ្ធផលកូវីដ-១៩កាលពីថ្ងៃពុធ។
វេជ្ជបណ្ឌិត Taweesilp បានបន្តថា មានជនជាតិថៃចំនួន ៨២៧នាក់ ដែលបានវិលត្រឡប់មកពីប្រទេសបារ៉ែនវិញ ហើយក្នុងចំណោមពួកគេមាន ៣នាក់ ដែលបានឆ្លងជំងឺនេះ។ លោកវេជ្ជបណ្ឌិតក៏បានផ្តាំផ្ញើដល់ប្រជាជននៅក្រៅប្រទេសដែលចង់មកប្រទេសថៃវិញផងដែរថា អាចត្រឡប់មកវិញបានគ្រប់ពេលពីព្រោះមានមន្ទីរពេទ្យគ្រប់គ្រាន់សម្រាប់ដាក់ឱ្យនៅដាច់ដោយឡែក។
ក្នុងចំណោមអ្នកឆ្លងទាំង ៣១៨០នាក់ មានអ្នកជំងឺដែលជាសះស្បើយចំនួន ៣០៦៦នាក់ ដោយបន្សល់ទុកអ្នកជំងឺចំនួន ៥៥នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងមានអ្នកស្លាប់សរុបចំនួន ៥៨នាក់។ គិតមកដល់ថ្ងៃនេះ ប្រទេសថៃមិនមានអ្នកឆ្លងថ្មីក្នុងតំបន់រយៈពេល ៣៩ថ្ងៃហើយ។ នៅទូទាំងពិភពលោកមានអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ១០.៩៧លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៥២៣១៧១នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតគឺ ២.៨៤លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១៣១៤៨៥នាក់។ វេជ្ជបណ្ឌិត Taweesilp បានមានប្រសាសន៍ថា ចាប់ពីសប្តាហ៍ក្រោយទៅមជ្ឈមណ្ឌល CCSA នឹងផ្តល់នូវការធ្វើបទបង្ហាញសង្ខេបរបស់ខ្លួននៅរៀងរាល់ថ្ងៃចន្ទនិងថ្ងៃព្រហស្បតិ៍ជំនួសឱ្យការរាយការណ៍ជារៀងរាល់ថ្ងៃ ព្រោះតែស្ថានភាពមេរោគកូវីដ-១៩មានភាពប្រសើរឡើងជាបណ្តើរៗហើយ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post