កោះខ្មោច ជាកោះដែលនៅមិនឆ្ងាយពីកោះស្តេចប៉ុន្មាននោះទេ ហើយហេតុតែកោះតូចមួយនេះពុំមានមនុស្សរស់នៅ ទើបហៅវាថាកោះខ្មោច (អ្នកខ្លះក៏ហៅថាកោះរីករាយ រីឯអ្នកភូមិក្បែរនោះហៅកោះនេះថា កោះនិមិត្ត)។
កោះខ្មោច ជាតំបន់ទេសចរណ៍មួយនៅជាយដែននៃស្រុកគីរីសាគរ ដែលស្ថិតនៅក្នុងចំណោមប្រជុំកោះសរុបចំនួន ២៣ លើដែនដីខេត្តកោះកុង ។ កោះខ្មោច ឬកោះរីករាយ សម្បូរទៅដោយផ្កាថ្មចម្រុះពណ៌។
ដោយសារតែពុំមានមនុស្សរស់នៅ កោះនេះបានក្លាយជាឋានស្ងប់មួយសម្រាប់ធម្មជាតិលាក់ខ្លួនសំងំកាយថែសម្រស់ដ៏ស្អាតប្លែករបស់ខ្លួនសម្រាប់បង្អួតទេសចរដែលមកស្នាក់នៅទីនេះមួយគ្រាៗ។ ទឹកសមុទ្រថ្លាឆ្លុះដល់ផ្កាថ្មចម្រុះពណ៌បង្កើតបានជាអារម្មណ៍ម៉្យាងដែលពិបាកនឹងពណ៌នា។
ប្រភពរូបភាព៖ We Adventure
យើងអាចធ្វើដំណើរដោយទូកមកកាន់កោះនេះ និងសម្រាកបោះតង់ស្នាក់នៅបាន (បើសិនជាចង់មកកំសាន្តលក្ខណៈផ្ទាល់ខ្លួន សូមសិក្សាពីទីតាំងនោះអោយច្បាស់សិន ហើយកុំមកលេងគ្នាតិចអីល្អជាង) ។ តាមរយៈកំណត់ហេតុទេសចរបានអោយដឹងថា ភាគច្រើនអ្នកដែលមកកំសាន្តនៅទីនេះ ច្រើនតែមកជាក្រុមធំ…
ប្រភពរូបភាព៖ CMA-Cambodia Motor Adventure
ប្រភពរូបភាព៖ Runaway-រត់ចោលស្រុក
នៅលើកោះ យើងនឹងបានឃើញរូបសំណាកនាងបិសាចក្រមុំដែលមានទឹកមុខញញឹម នៅក្រោមដើមឈើធំមួយប្របនឹងមាត់ឆ្នេរនោះ ។ សម្រាប់ប្រវត្តិលម្អិតរបស់កោះនេះ admin មិនអាចស្វែងរកឯកសារយោងដែលពាក់ព័ន្ធបានទេ តែទោះជាយ៉ាងណា កោះនេះមិនមានគ្រោះថ្នាក់សម្រាប់ការកំសាន្តទេសចរណ៍ឡើយ ។
ប្រភពរូបភាព៖ Avytravel
សម្រាប់សកម្មភាពកំសាន្តនៅទីនេះ ភ្ញៀវទេសចរអាចជួលទូកជិះទៅស្ទូចត្រី មុជទឹកសមុទ្រ មើលផ្កាថ្ម និង ជីវចម្រុះនៅបាតសមុទ្ររំសាយបាននូវទុក្ខកង្វល់នាចុងសប្តាហ៍ផងដែរ៕
ប្រភពរូបភាព៖ CMA-Cambodia Motor Adventure
ប្រភពរូបភាព៖ Hour