Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ហេតុអ្វីសារធាតុបូរ៉ាក់ ត្រូវបានអ្នកជំនាញហាមមិនឱ្យប្រើលើចំណីអាហារ?

សុខភាព៖ បូរ៉ាក់ (Borax) ​ជា​សារ​ធាតុ​គីមីម្យ៉ាង ដែល​បង្កើត​ឡើង​ពី​សារធាតុ​រ៉ែ​ធម្មជាតិ​ឈ្មោះ ​សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុ​សម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។ ប៉ុន្តែត្រូវបានហាមឃាត់មិនឱ្យប្រើលើចំណីអាហារឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាព និងអាយុជីវិត។

​​សារធាតុគីមី​បូរ៉ាក់​ (Borax) ជា​ធម្មតា​គេច្រើនតែ​ហៅ​ថា ទឹក​អន្សា ហើយវាមាន​មុខងារដូចជា៖

  • ជាសារធាតុ​សម្អាត៖ ​នៅ​ក្នុង​សាប៊ូ​សម្អាត​សម្លៀកបំពាក់ ឬទឹកសាវ៉ែល ដែល​មាន​ប្រសិទ្ធិភាពខ្ពស់ និងធ្វើឱ្យសម្លៀកបំពាក់​ទន់​ក្រោយ​ពេលបោក​សម្អាត។
  • ជាគ្រឿងសម្អាង៖ សារធាតុ​បូរ៉ាក់ ត្រូវបានគេប្រើ​ជាគ្រឿង​ផ្សំរបស់ឡេលាបខ្លួន សាប៊ូអប់ ឬ សាប៊ូ​ដុសខ្លួន​ជាដើម ដែលមានមុខងារការពារ ឬ លាង​សម្អាតជាតិខ្លាញ់នៅលើស្បែក។
  • ជាថ្នាំសម្លាប់សត្វល្អិត៖ សារធាតុ​បូរ៉ាក់ ​ជា​សារធាតុ​ដែល​មាន​ជាតិ​ពុល​ហើយមាន​ប្រសិទ្ធិភាព​ក្នុង​ការ​សម្លាប់សត្វ ស្រមោច កន្លាត និង​ សត្វល្អិតផ្សេងៗទៀត ។ល។

ជា​ទូទៅ​សារធាតុ​បូរ៉ាក់​ មាន​ប្រសិទ្ធិភាព ២​​​ ទៅ ៣​ ឆ្នាំ ហើយ​ត្រូវតែ​រក្សាឱ្យឆ្ងាយពី​សំណើម។

ផ្ទុយទៅវិញ សារធាតុគីមីប្រភេទនេះ ត្រូវបានម្ចាស់សិប្បកម្ម ឬឈ្មួញមួយចំនួន ប្រើប្រាស់ជាមួយនឹងប្រភេទចំណីអាហារ ដើម្បីរក្សាគុណភាពបានរយៈពេលយូរ ដូចជា នៅក្នុង ​ពពុះសណ្តែក មឹក បង្គា​ស្រស់ ត្រី​ហើម ត្រី​ងៀត ប្រហិត​សាច់​គោ ត្រី ឈាម​ជ្រូក ប៉ាតេ សរសៃ​គុយទាវ បង្អែម​លត​ បង្អែមបាញ់ឌុក ខ្ញី​ហាន់​រួច ទំពាំង​ជូរ និងស្ពៃ​ជ្រក់​ជាដើម។

ប៉ុន្តែវាអាច​បង្ករឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព និងអាយុជីវិតរបស់មនុស្សបាន។​ បើយើង​ប៉ះពាល់​សារធាតុ​បូរ៉ាក់នេះ​ អាច​បង្ករឱ្យមាន​ជំងឺ របកស្បែក ប្រគ្រីវកាច់ និង ខ្សោយក្រលៀន ។ល។ ការ​បរិភោគ​អាហារ​ដែល​មាន​ផ្ទុកសារធាតុបូរ៉ាក់​ត្រឹមតែ ១៥ ទៅ ២០ ក្រាម អាច​សម្លាប់​មនុស្ស​ពេញ​វ័យ​បាន ហើយ​ត្រឹម​តែ ៥ ក្រាមប៉ុណ្ណោះសម្រាប់កុមារ។

តាមការបង្ហាញរបស់អ្នកជំនាញ នៅពេលដែលយើងបរិភោគ​អាហារ​មាន​ផ្ទុក​សារធាតុ​បូរ៉ាក់ ​អាច​បណ្ដាលឱ្យ​ក្អួត​​ធ្លាក់ឈាម ចុក​ពោះ រាក ឈឺក្បាល​ វិលមុខ ក្រហម​ស្បែក ក្នុង​ពេល​ភ្លាម​ៗ។ ករណីទុក​យូរ ​អាច​នាំឱ្យ​ឈឺ​ប្រអប់​ដៃ​ជើង​ស្មា ​និង​សន្លាក់ ប៉ះពាល់​ដល់​ពោះវៀន តម្រងនោម ដង្ហើម​ថយ​ចុះ និង​ខូច​ប្រព័ន្ធ​ប្រសាទ ​ឬ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត។

ដូចនេះ ​សារធាតុ​បូរ៉ាក់ តម្រូវឱ្យ​រក្សាឱ្យឆ្ងាយ​ពី​គ្រឿង​បរិភោគ ហើយត្រូវបានហាមឃាត់បានហាមឃាត់ មិនអនុញ្ញាតិឱ្យមានការប្រើប្រាស់ដាក់ក្នុងផលិតផលចំណីអាហារនោះឡើយ ព្រោះបង្កឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ហើយបើសិនដាក់នៅក្នុងផលិតផលចំណីអាហារនូវបរិមាណហួសកម្រិតអាចបង្កឱ្យពុលស្លាប់ភ្លាមៗតែម្តង។

សូមជម្រាបថា ក្នុងរយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើ​ប្រាស់ និងកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCE) បានចុះត្រួតពិនិត្យនៅតាមបណ្តាខេត្តនានា ដោយរកឃើញផលិតផល និងចំណីអាហារមួយចំនួន មានផ្ទុកសារធាតុគីមីបូរ៉ាក់ (Borax) នៅក្នុងពពុះសណ្តែក ក៏ដូចជាចំណីអាហារនានា។ ក្នុងនោះ ក៏បានផ្អាកសិប្បកម្មពពុះសណ្តែក ចំនួន ៧កន្លែងផងដែរ ក្រោយពីរកឃើញមានប្រើសារធាតុគីមីបូរ៉ាក់ នៅខេត្តកណ្តាល៕

from: https://tnaot.com/km/m/detail/article/9447743