ផ្សារ Ying Charoen ក្នុងស្រុក Bang Khen នៃក្រុងបាងកកត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញបន្ទាប់ពីអគ្គិភ័យបានបំផ្លាញតូបប្រហែល ១៦០តូប។
គ្មាននរណាម្នាក់រងរបួសទេនៅក្នុងហេតុការណ៍នេះ។ ការឆាបឆេះនៅក្នុងបរិវេណផ្សារដែលមានទំហំ ៣០រ៉ៃ ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមនៅហាងនំប៉័ងមួយនៅម៉ោងប្រហែល ៣ ទៀបភ្លឺកាលពីថ្ងៃព្រហស្បតិ៍ហើយបានរាលដាលដល់តូបនៅក្បែរនោះ។ អ្នកពន្លត់អគ្គិភ័យបានចំណាយពេលប្រហែល ២ម៉ោង ដើម្បីពន្លត់ភ្លើង។ ក្រុមមន្រ្តីប៉ូលិសបាននិយាយថាអ្នកលក់ប្រហែល ២០០នាក់រងផលប៉ះពាល់ដោយសារភ្លើងបានឆាបឆេះតូប។ បច្ចុប្បន្នពួកគេតម្រូវឱ្យលក់ទំនិញនៅតាមចំណតរថយន្តផ្សារជាបណ្តោះអាសន្នសិន។
ប្រហែល ១០% នៃរចនាសម្ព័ន្ធផ្សារត្រូវបានខូចខាតនិងត្រូវបានបិទទ្វារ ខណៈដែលតូបចំនួន ៧០% បានបើកដំណើរការវិញ។ ក្នុងចំណោមការខូចខាតទាំងអស់គេឃើញថា ហាងលក់មាសមួយទទួលរងការខូចខាតដល់ទៅជាង ១លានបាត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post