ភ្នំពេញៈកាលពីវេលាម៉ោង០៦និង២០នាទីព្រឹកថ្ងៃទី ០២ ខែកក្កដាឆ្នាំ ២០២០មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយយុវជនពីរនាក់ជិះម៉ូតូលឿនពេកខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវដួលបោកផ្ទុបទៅនិងបង្គោលភ្លើងបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងត្រង់ចំណុចផ្លូវបុរីអង្គ ក្នុងសង្កាត់ទួលសង្កែទី២ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះ(ស្លាប់) ឈ្មោះ គង់ ពង្សសុវណ្ណរាជ អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅក្នុងបុរីប៉េងហួតនៅជិតផ្សារអុីអន២។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានយុវជនពីរនាក់ជិះម៉ូតូម៉ាកAIR Blade ពណ៍ទឹកប៊ិចពាក់ស្លាកលេខខេមរភូមិន្ទ02(1-0207) ក្នុងល្បឿនលឿនដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុកនឹងសួនច្បារពុះចែកទ្រូងផ្លូវដួលបណ្ដាលឲ្យយុវជនម្នាក់ផ្លូវផ្លោងបោកនិងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯម៉ូតូដួលអូសជាច្រើនម៉ែត្រ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក ចំណែកឯសពជនរងគ្រោះក្រោយពេលធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ផេង ភាព