ថៅកែរោងចក្រមួយចំនួនមិនគោរព ការសន្យាបើកប្រាក់ខែ បង្ខំកម្មករ-កម្មការិនីរាប់ពាន់នាក់ ចេញតវ៉ាតាមផ្លូវដើម្បីសុំរកយុត្តិធម៌ឲ្យពួកគេ
កម្មករ-កម្មការិនី រាប់ពាន់នាក់ ដែលបំរើការងារនៅក្នុងរោងចក្រពីរផ្សេងគ្នា បានផ្ទុះការតវ៉ាទាមទារឱ្យថៅកែគោរពតាមកិច្ចសន្យា ទៅលើលក្ខខណ្ឌដែលបានចរចារគ្នា មុនពេលរោងចក្រប្រកាសព្យួរនិងបិទទ្វារ។
ដោយគ្មានដំណោះស្រាយ ពីភាគីពាក់ព័ន្ធណាមួយនៅក្នុងវិស័យវាយនភណ្ឌ នៅវេលាព្រឹកថ្ងៃទី១ ខែ កក្តដា ឆ្នាំ២០២០នេះ កម្មករ-កម្មការិនីប្រមាណជិត១ពាន់នាក់ ដែលបំរើការងារនៅរោងចក្រខាន់ណាខេមបូឌាមួយអ៊ីញ បាននាំគ្នាដង្ហែក្បួននៅលើផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីទាមទារឱ្យមានកិច្ចអន្តរាគមន៍ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជុំវិញករណីថៅកែមិនបានទូទាត់ប្រាក់សំណង តាមការសន្យា៥ចំណុល។
កម្មការិនីរោងចក្រកាត់ដេរខាន់ណាខេមបូឌាមួយអ៊ីញបានលើកឡើងថា ថ្ងៃនេះកម្មករនាំគ្នាឈរដង្ហែក្បួន ដើម្បីទាមទារឱ្យថៅកែ ធ្វើការដោះស្រាយរឿងរោងចក្របិទទ្វារ ហើយគ្មានសំណង។
កម្មការិនីរោងចក្រកាត់ដេរម្នាក់ទៀត ដែលបំរើការងារ នៅក្នុងរោងចក្រខាន់ណាខេមបូឌាមួយអ៊ីញបានឱ្យដឹង កម្មករសុំឱ្យថៅកែដោះស្រាយការសន្យា លើលក្ខខណ្ឌទាំង៥ចំណុច ប៉ុន្តែថៅកែសម្រេចលុបចេញ២ចំណុច។
ក្បួនដង្ហែរបស់កម្មករត្រូវបានផ្អាកដំណើរការ នៅវេលាម៉ោង ១០ព្រឹកថ្ងៃដដែលនេះ ខណៈអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានធ្វើការសម្របសម្រួល មិនឱ្យមានការដើរជាក្បួន នៅក្នុងតំបន់របស់ពួកគេ ព្រោះដើម្បីទប់ស្កាត់នូវភាពអសកម្មផ្សេងៗ ដែលអាចកើតមានឡើង ព្រមទាំងរក្សាសណ្តាប់ធ្នាប់ នៅតំបន់ខាងលើនេះផងដែរ។
លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា លោកមិនចង់ឱ្យកម្មករនាំគ្នាដើរនៅលើផ្លូវជាតិលេខ៤នេះទេ ព្រោះវាប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងអាចជាឱកាសសម្រាប់ជនទី៣។ លោកអភិបាលបានសន្យាផ្តល់រថយន្ត សម្រាប់ដឹកកម្មករធ្វើដំណើរ ទៅផ្ទះលោកនាយករដ្ឋមន្ត្រី។
ទោះបីជាមាន ការរំសាយក្បួនដង្ហែរបស់ហ្វូងកម្មករយ៉ាងណាក៏ដោយ ប៉ុន្តែកម្មករគ្រោងនឹងធ្វើការជួបជុំគ្នាជាថ្មីម្តងទៀត នៅវេលាម៉ោង៤ល្ងាចថ្ងៃដដែល កន្លែងដដែល ដើម្បីធ្វើដំណើរតាមរថយន្តឆ្ពោះទៅកាន់ផ្ទះសម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីជាថ្មីម្តងទៀត។
ស្រដៀងគ្នាផងដែរ មានករណីផ្ទុះការតវ៉ាមួយកន្លែងទៀត ដែលបង្កឡើងនៅខាងមុខរោងចក្រវ៉ាយអូលែត អីភែរឹល ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ដោយកម្មករទាមទារឱ្យថៅកែរោងចក្រ គោរពតាមការសន្យា នូវលក្ខខណ្ឌ៥ចំណុចដូចគ្នា ប៉ុន្តែថៅកែអនុវត្តបានត្រឹមតែ៣ចំណុចប៉ុណ្ណោះ។
កម្មការិនីរោងចក្រវ៉ាយអូលែតអីភែរឹលបានឱ្យដឹងថា ពីរខែមុនរោងចក្រប្រកាសព្យួរការងារទេ ហើយសន្យាឱ្យកម្មករត្រូវចូលធ្វើការងារវិញនៅថ្ងៃទី១ ខែកក្តដា ប៉ុន្តែពេលមកដល់រោងចក្រប្រកាសបិទទ្វារតែម្តង។
កម្មការិនីរោងចក្រវ៉ាយអូលែតអីភែរឹលម្នាក់ទៀតបានលើកឡើងដែរថា ក្រោយរោងចក្របិទទ្វារ ថៅកែបានបិទក្រដាសជាប់នឹងខ្លោងទ្វាររោងចក្រ ដោយបញ្ជាក់ពីការផ្តល់សំណងទៅលើ៣ចំណុចប៉ុណ្ណោះ។ កម្មករមិនយល់ព្រម នៅខណៈពេលបាត់បង់នូវអត្ថប្រយោជន៍ពីរចំណុចទៀត ដូច្នេះពួកគេនាំគ្នាបន្តធ្វើកូដកម្ម នៅខាងមុខរោងចក្របន្តទៀត។
ខណៈពេលកំពុងមានការតវ៉ានៅខាងមុខរោងចក្រ ថៅកែបានឱ្យសនិ្តសុខបើកទា្វររបងរោងចក្រ ដើម្បីឱ្យកម្មករចូលទៅក្នុងរោងចក្រ។ កម្មករមួយចំនួនបាននិយាយថា ថៅកែបានហៅកម្មករចរចារគ្នា ដើម្បីសម្របសម្រួល ទៅលើលក្ខខណ្ឌដែលកម្មករទាមទារពីរចំណុចទៀត គឺទី១ ប្រាក់បញ្ឈប់ការងារ ទី២ ប្រាក់អតីតភាពការងារ។
រហូតមកដល់ពេលនេះ ការចរចាររវាងថៅកែនិងកម្មករ នៅមិនទាន់ចេញជាលទ្ធផលយ៉ាងណានៅឡើយទេ ដូច្នេះក្រុមកម្មករនិងស្វែងរកកិច្ចអន្តរាគមន៍បន្តទៀត ក្នុងករណីប្រសិនបើរោងចក្រមិនមានដំណោះស្រាយណាមួយសមស្រប សម្រាប់កម្មករ៕ ដោយ៖ ឃួន លក្ខិណា