នៅថ្ងៃពុធនេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ២នាក់ គឺជាជនជាតិថៃដែលត្រឡប់មកពីប្រទេសគុយវ៉ែត បានធ្វើឱ្យមានអ្នកឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ ៣១៧៣នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ។
លោក Taweelsilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថា អ្នកជំងឺទាំងពីរជាបុរសមានអាយុ ៤៧ និង ៤៨ឆ្នាំ បានមកដល់ប្រទេសថៃកាលពីថ្ងៃចន្ទ។ ពួកគេទាំងពីរមានអាការក្អកនិងគ្រុនក្តៅ ហើយការធ្វើតេស្តបានបញ្ជាក់ថាពួកគេបានឆ្លងមេរោគកូវីដ-១៩ នៅថ្ងៃដដែល។
លោកបានបន្ថែមថា“ ជនជាតិថៃដែលត្រឡប់មកពីប្រទេសគុយវ៉ែតមានអត្រាឆ្លងជំងឺខ្ពស់បំផុតគឺ ១២.២៩% “។ រហូតមកដល់ពេលនេះមានជនជាតិថៃ ២៩៣នាក់ដែលបានវិលត្រឡប់មកពីប្រទេសគុយវ៉ែត ហើយក្នុងចំណោមពួកគេមាន ៣៦នាក់បានឆ្លងជំងឺ”។
នៅទូទាំងពិភពលោកអ្នកឆ្លងមេរោគកូវីដ-១៩សរុបចំនួន ១០.៥៨លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៥១៣៩១៣នាក់។
សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេគឺ ២.៧៣លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១៣០១២២នាក់។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី៩៦ ក្នុងចំណោមប្រទេសដែលត្រូវបានរាតត្បាតដោយមេរោគកូវីដ-១៩នៅលើពិភពលោក។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post