កណ្តាល៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCE) បានសម្រេចផ្អាកសិប្បកម្មផលិតពពុះសណ្តែកចំនួន ០៧ ទីតាំងជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវស្វែងរកសារធាតុគីមីហាមឃាត់បូរ៉ាក់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
បូរ៉ាក់ (Borax) គឺសារធាតុគីមីមួយប្រភេទ ដែលត្រូវបានហាមឃាត់ មិនអនុញ្ញាតិឱ្យមានការប្រើប្រាស់ដាក់ក្នុងផលិតផលចំណីអាហារនោះឡើយ។ សារធាតុគីមីបូរ៉ាក់ មិនត្រឹមតែបង្កឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ប៉ុណ្ណោះនោះទេ បើសិនដាក់នៅក្នុងផលិតផលចំណីអាហារនូវបរិមាណហួសកម្រិតអាចបង្កឱ្យពុលស្លាប់ភ្លាមៗតែម្តង។
ការសម្រេចផ្អាកសិប្បកម្មទាំងនេះ ធ្វើឡើងនៅភូមិពុកឬស្សី ឃុំពុកឬស្សី និងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដីខេត្ត និងមានការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ក្នុងចុះចុះត្រួតពិនិត្យទីតាំង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
ជាមួយគ្នានោះ មន្រ្តីជំនាញបានដកហូតពពុះសណ្តែក ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ចំនួន ០៧ ទីតាំង សរុបទម្ងន់ ១០៨ គីឡូក្រាម។ បន្ទាប់មក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចផ្អាក ទីតាំងផលិតបណ្តោះអាសន្ន៕
សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ សារធាតុប៉ូរ៉ាក់ មិនមែនមានតែប្រើលើពពុះសណ្តែប៉ុណ្ណោះទេ តែគេក៏ច្រើនប្រើនៅក្នុងមឹក បង្គាស្រស់ ត្រីហើម ត្រីងៀត ប្រហិតសាច់គោ ត្រី ឈាមជ្រូក ប៉ាតេ សរសៃគុយទាវ បង្អែមលត បាញ់ឌុក ខ្ញីហាន់រួច ទំពាំងជូរ និងស្ពៃជ្រក់ជាដើម៕