បើចង់មានសេចក្តីសុខផ្លូវចិត្ត រៀនគិតពីអ្វីដែលល្អៗ គិតពីអ្វីដែលអាចជួយយើងបាន… គិតដល់វិធីកសាងចិត្តជម្រុញខ្លួនឯងទៅកាន់ជីវិតដ៏ប្រសើរឡើង។ អ្នកខ្លះចូលចិត្តគិតតែរឿងឥតប្រយោជន៍ គិតតែរឿងដែលគ្មានបានការ ជួនក៏ធ្វើឱ្យការគិតទាំងនោះក្លាយជាមុខព្រួញបំផ្លាញជំនឿចិត្តខ្លួនឯង។
ចង់មានក្តីសុខទាល់តែអ្នកកុំទម្លាប់ចិត្តគិតរឿងស្មុគស្មាញ។ ដឹងទេ? វាគ្មានបានស្អីមកវិញទេក្រៅពីជម្រុញឱ្យចិត្តអ្នកកាន់តែយ៉ាប់យឺនឡើងជាមួយនឹងរឿងរ៉ាវបញ្ហាក្នុងចិត្ត។ ហើយក៏មិនមែនថាមិនឲ្យគិតនោះដែរ គ្រាន់តែរឿងខ្លះក៏គិតវាល្មមៗទៅបានហើយ កុំខ្វល់ដល់រហែកទ្រូងចិត្ត កុំគិតច្រើនរហូតដល់ហួសកំរិតដូចចៅចាក់ស្មុគនោះ។
ការគិតច្រើនជាហេតុដែលធ្វើឲ្យអ្នកខ្វល់ក្នុងចិត្ត ហើយការដែលខ្វល់ច្រើននេះហើយដែលបណ្តាលឱ្យអ្នកកាន់ទៅលង់ខ្លួនជ្រៅទៅៗជាមួយនឹងការគិតទាំងនេះ រហូតក្លាយជាទម្លាប់មួយ គិតច្រើន ខ្វល់ច្រើន រឿងអីបន្តិចក៏ខ្នក់ចិត្ត ក៏មិនសប្បាយចិត្ត នេះគឺអ្នកជាអ្នកបង្រៀនខ្លួនឯងឱ្យក្លាយជាមនុស្សម្នាក់ដែលចិត្តច្រើន ខឹងច្រើន សោកសៅច្រើន មួយថ្ងៃៗរស់ឱបតែក្តីទុក្ខ ក៏តែងនឹកគិតដល់ថា គេគិតដល់អញឬអត់ គេសប្បាយចិត្តជាមួយខ្លួនអញឬអត់ គេអាចបំផ្លាញអញឬអត់? ការទម្លាប់ចិត្តនេះយូរៗទៅនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សបាក់ទឹកចិត្តដោយមិនដឹងខ្លួន ផ្តើមគិតគ្រប់យ៉ាងសុទ្ធតែមិនយុត្តិធម៌សម្រាប់អ្នក ផ្តើមគិតអវិជ្ជមានចំពោះអ្នកដទៃ។
ដូច្នេះកុំរៀនបណ្តោយចិត្ត ឱ្យខ្វល់ច្រើន គិតច្រើន រឿងណាគួរគិតចាំគិត រឿងណាបោះចោលបានក៏បោះចោលទៅ ទុកនៅនាំតែហ្មងសៅក្នុងចិត្តអីទេ៕