លោកឧត្តមសេនីយ៍ទោ Somphong Chingduang អនុប្រធានការិយាល័យអន្តោប្រវេសន៍រួមជាមួយមន្រ្តីអន្តោប្រវេសន៍ផ្សេងទៀតនៅទីក្រុងបាងកកបានប្រកាសថាជនជាតិឥណ្ឌានិងនេប៉ាល់ត្រូវបានចាប់ខ្លួននៅទីក្រុង Pattaya កាលពីម្សិលមិញ។
ជនល្មើសមានចំនួន ១៧នាក់ ដែលមិនបានលម្អិតអំពីឈ្មោះត្រូវបានចាប់ខ្លួនក្រោយពីប៉ូលិសនិងមន្ត្រីអន្តោប្រវេសន៍ល្បាតក្នុងតំបន់ចុះត្រួតពិនិត្យលិខិតឆ្លងដែន។ ជនល្មើសទាំង ១៧នាក់នឹងត្រូវនាំទៅកាន់មជ្ឈមណ្ឌលនិរទេសជនអន្តោប្រវេសន៍នៅទីក្រុងបាងកកដើម្បីចាត់ការតាមនីតិវិធីច្បាប់។ លោកឧត្តមសេនីយ៍ទោ Somphong បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា ប្រទេសថៃបានអនុវត្តគោលការណ៍អនុគ្រោះរយៈពេលនៃលិខិតឆ្លងដែនក្នុងអំឡុងពេលមេរោគកូវីដ-១៩ រាតត្បាត ប៉ុន្តែមិនមែនអនុគ្រោះសម្រាប់អ្នកដែលហួសកំណត់លិខិតឆ្លងដែនមុនមានមេរោគកូវីដ-១៩នោះទេ។ នេះមានន័យថា ជនល្មើសទាំង ១៧នាក់នោះត្រូវបានចាប់ខ្លួនដោយសារតែកាលកំណត់លិខិតឆ្លងដែនរបស់ពួកគេហួសកំណត់មុនមានមេរោគរាតត្បាតទៀត ពោលគឺហួសកំណត់យ៉ាងតិចប្រហែល ៣ខែ។
យោងតាមមន្រ្តីអន្តោប្រវេសន៍បានឱ្យដឹងថា ក្នុងប្រទេសថៃអាចនឹងមានជនបរទេសដែលហួសកាលកំណត់លិខិតឆ្លងដែនដូចអ្នកទាំង
១៧នាក់ខាងលើ ប៉ុន្តែក្រុមមន្ត្រីអន្តោប្រវេសន៍ត្រួតពិនិត្យមិនទាន់អស់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The pattaya news