កាលពីថ្ងៃអង្គារអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Narumon Pinyosinwat បានមានប្រសាសន៍ថា គណៈរដ្ឋមន្រ្តី បានអនុម័តជាផ្លូវការនៃការបន្តដាក់ប្រទេសក្នុងក្រឹត្យគ្រាអាសន្នរយៈពេលមួយខែទៀតគឺគិតរហូតដល់ថ្ងៃទី៣១ ខែកក្កដា តាមសំណើរបស់មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩។
លោកស្រី Narumon Pinyosinwat បានមានប្រសាសន៍ថា CCSA បានស្នើសុំពន្យារច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ព្រោះការរីករាលដាលនៃមេរោគហាក់មិនទាន់ស្ងប់ស្ងាត់នៅឡើយ ជាពិសេសប្រទេសនានានៅក្នុងពិភពលោកក៏កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ។ ដំណាក់កាលទី៥ នៃការបន្ធូរបន្ថយច្បាប់រឹតបន្តឹងដែលចាប់ផ្តើមកាលពីថ្ងៃពុធនៅតែបន្តយកមកអនុវត្តបើទោះបីជាថៃបានដាក់ប្រទេសក្នុងគ្រាអាសន្នក៏ដោយ។
ការដាក់ប្រទេសឱ្យនៅក្នុងគ្រាអាសន្នក៏មានផលល្អសម្រាប់អាជីវកម្ម និងសកម្មភាពកម្សាន្តផ្សេងៗ ព្រោះថាវាអាចជួយទប់ស្កាត់ការឆ្លងមេរោគក្នុងអត្រាខ្ពស់ និងជួយចៀសវាងការឆ្លងរលកទី២នៃមេរោគកូវីដ-១៩ផងដែរ។ លោកស្រី Narumon ក៏បានបន្ថែមផងដែរថា ក្រឹត្យនេះនឹងត្រូវអនុវត្តរួមជាមួយនឹងការបន្ធូរបន្ថយច្បាប់រឹតបន្តឹងដោយមិនផ្តល់ផលប៉ះពាល់ដល់របៀបរស់នៅរបស់ប្រជាជននោះទេ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post