កាលថ្ងៃអង្គាររដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន ២នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៣១៧១នាក់ ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។
គិតមកដល់ថ្ងៃនេះ ប្រទេសថៃមាន ៣៦ថ្ងៃហើយដែលមិនមានអ្នកឆ្លងជំងឺក្នុងតំបន់។ លោកវេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោកកូវីដ-១៩ បានមានប្រសាសន៍ថាអ្នកឆ្លងថ្មីចំនួន ២នាក់ គឺជាបុរសជនជាតិថៃមានអាយុ ២៧ឆ្នាំ និង ២៨ឆ្នាំ ដែលបានវិលត្រឡប់មកពីប្រទេស Qatar កាលពីថ្ងៃទី១៦ ខែមិថុនា។ ពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅខេត្ត Chon Buri ។ អ្នកជំងឺទាំងពីរបានធ្វើតេស្តវិជ្ជមានកូវីដ-១៩កាលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា។ ក្នុងចំណោមអ្នកជំងឺទាំង ៣១៧១នាក់ មាន ៣០៥៦នាក់ហើយដែលជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
ចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ ទូទាំងពិភពលោកបានកើនឡើងដល់ ១០.៤១លាននាក់ និងមានអ្នកស្លាប់សរុបកើនឡើងដល់ ៥០៧ ៤៩៧ នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតគឺ ២.៦៨លាននាក់ និមានអ្នកស្លាប់ច្រើនបំផុតគឺ ១២៨៧៨៣នាក់។ ប្រទេសប្រេស៊ីលមានអ្នកឆ្លងសរុបចំនួន ១.៣៧លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៨៣៨៥នាក់ ហើយក៏ជាប្រទេសជាប់លំដាប់ថ្នាក់ទី២ ក្នុងពិភពលោកផងដែរ។៖
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post