គំនូរលើថ្មជាមរតកវប្បធម៌កម្រមួយ ដែលពុំទាន់មានការសិក្សាស្រាវជ្រាវទូលំទូលាយ និងជ្រៅជ្រះតាមបែបវិទ្យាសាស្រ្តនៅឡើយក្នុងប្រទេសកម្ពុជា។
មកទល់ពេលនេះ គេបានប្រទះឃើញគំនូរពណ៌លើថ្មដែលគេជឿថាមានចំណាស់ខ្លាំងនៅ ៤កន្លែងក្នុងប្រទេសកម្ពុជាគឺ ភ្នំគូលែន (ខេត្តសៀមរាប), ពើងឆ័ត្រ (ខេត្តបន្ទាយមានជ័យ), ភ្នំក្រវ៉ាញ (ខេត្តពោធិ៍សាត់) និងភ្នំព្រះ ស្រុកឱរ៉ាល់ (ខេត្តកំពង់ស្ពឺ)។
គំនូរខ្លះគូរលើពិតាន, លើជញ្ជាំងពើងថ្ម ឬជញ្ជាំងល្អាង។ នៅឆ្នាំ២០១៣ ក្រុមការងារក្រសួងវប្បធម៌ បានប្រទះឃើញគំនូរប្រភេទនេះនៅ ឃុំក្រពើពីរ, ស្រុកវាលវែង, ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណ៧០ គីឡូម៉ែត្រខាងលិចទីរួមខេត្តពោធិ៍សាត់។
តំបន់នោះគ្របដណ្ដប់ទៅដោយ ថ្មភក់កំប៉េតកំប៉ូត ខ្លះស្ថិតនៅលើទីទួល ខ្លះនៅទីទំនាប។ ថ្មខ្លះមានល្អាងនៅខាងក្នុង ឯខ្លះទៀតមានថ្មបន្តុបលើគ្នាបង្កើតបានជាពើង។ អ្នកស្រុកហៅតំបន់មានគំនូរថា «ភ្នំល្អាង» ដែលស្ថិតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីទីប្រជុំជនអូរដេការ។
អ្នកស្រាវជ្រាវមិនទាន់អាចកំណត់អាយុកាលរបស់គំនូរឆូតលើថ្មទាំងនោះបានទេ ប៉ុន្តែគេគ្រាន់តែអាចយល់បានថាវាត្រូវបានមនុស្សពីសម័យដើមគូរ ដូចជារូបសត្វស្លាប, រូបមនុស្ស និងមានគំនូរស្នាមឆូតជាច្រើនផ្សេងទៀត ដែលមើលពុំយល់ថាជារូបអ្វីឱ្យប្រាកដ៕
កែសម្រួល៖ WowCambodian /ប្រភព៖ Yosothor