ខេត្តបាត់ដំបង ៖ ឧក្រិដ្ឋជនម្នាក់បានរត់គេចខ្លួនចោលស្រុកកំណើតអស់រយៈពេល១២ឆ្នាំ ក្រោយពេលធ្វើសកម្មភាព«ប្លន់» តែត្រូវបានកម្លាំងផ្នែកអនុវត្តដីកានៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់តាមរកឃើញនិងបានចាប់ខ្លួន បានកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៦ កញ្ញា ខណៈដែលជននេះរត់ទៅសាងសង់លំនៅឋានថ្មី ចំណុចអូររំចេក ស្ថិតក្នុងភូមិសំលាញ់ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានកិច្ចសហការជាមួយមន្ត្រីជំនាញមូលដ្ឋានផង។
នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ លោក កង សុផាណ្ណា បានប្រាប់ថា ជនត្រូវចោទឈ្មោះ រឿង និមល អាយុ៤០ឆ្នាំ ស្រុកកំណើតនៅភូមិអូរ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ត្រូវបានកម្លាំងរបស់លោកតាមចាប់ខ្លួនបាននៅទឹកដីខេត្តពោធិ៍សាត់ ដោយមានកិច្ចសហការពីកម្លាំងខេត្តនេះផង ដោយយោងតាមដីកាបង្គាប់អោយចាប់ខ្លួន លេខ៣៦៥ ដ/ប/ខ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៩ ដោយលោក អ៊ុំ ចាន់ថុល ចៅក្រមសេុីបសួរសាលាដំបូងខេត្តបាត់ដំបង ដោយជាប់ចោទពីបទ«ប្លន់»។
លោក កង សុផាណ្ណា បាននិយាយថា ជនឈ្មោះ រឿង និមល នេះត្រូវបានតុលាការផ្តន្ទាទោសរួចហើយពីបទ «ប្លន់» ដោយកំណត់ទោសចំនួន១២ឆ្នាំ (គិតចាប់ពីថ្ងៃចាប់ខ្លួន)។ សមត្ថកិច្ចបានរំលឹកអំពីប្រវត្តិ នៃអំពើប្លន់របស់ទណ្ឌិត រឿង និមល នេះថា ទណ្ឌិត រឿង និមល បានធ្វើសកម្មភាព«ប្លន់»ផ្ទះអ្នកស្រុក កាលពីថ្ងៃទី២៩ កុម្ភ: ឆ្នាំ២០០៨ កន្លងទៅ នៅចំណុចភូមិអូរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល។
កាលនោះ ជននេះបានប្រើប្រាស់ពូថៅកាប់ជនរងគ្រោះប្លន់យកម៉ូតូ ។ ក្រោយប្លន់បានសម្រេច ជននេះបានព្យាយាមរត់គេចខ្លួនរហូត ហើយបានទៅសាងសង់ទីកន្លែងស្នាក់នៅថ្មី នៅលើទឹកដីខេត្តពោធិ៍សាត់ ត្រង់ចំណុចខាងលើរហូតដល់ថ្ងៃចាប់ខ្លួនតែម្ដង។បើតាមចម្លើយទណ្ឌិត រឿង និមល ក្រោយពេលត្រូវចាប់ខ្លួន ជននេះបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋនេះមែន។
ជននេះបានរំលឹកថា កាលនោះខ្លួន និង ឈ្មោះ សល់ បានផឹកស្រាជាមួយគ្នារហូតដល់ស្រវឹង ហើយបានសុំម៉ូតូបងប្រុសម្នាក់ ដែលខ្លួនមិនចាំឈ្មោះ ជិះជាមួយចេញពីចំការទៅភូមិកណ្ដាលស្ទឹង ឃុំអណ្តើកហែប។ ជននេះ បានបញ្ជាក់ថា នៅពេលម្ចាស់ម៉ូតូឌុបពួកខ្លួនដល់កន្លែងស្ងាត់ ឈ្មោះសល់ ក៏បានយកពូថៅកាប់លើម្ចាស់ម៉ូតូមួយពូថៅហើយប្លន់ យកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ជិះគេចខ្លួន ។ ប៉ុន្តែត្រូវសមត្ថកិច្ចចាប់បានឈ្មោះសល់ ចំណែកខ្លួនបានរត់គេចខ្លួនរហូតមកដល់ថ្ងៃចាប់ខ្លួនបាននេះ គឺ១២ឆ្នាំហើយ។
លោក កង សុផាណ្ណា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានបញ្ជាក់ថា កម្លាំងជំនាញ បានចំណាយពេលរាប់ឆ្នាំ ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ខ្លួនទណ្ឌិត រឿង និមល នេះ ដោយសារតែជននេះ បានផ្លាស់ប្ដូរលំនៅឋានពីខេត្តបាត់ដំបង ទៅ សម្ងំស្នាក់នៅ ទឹកដីខេត្តពោធិ៍សាត់។ ប៉ុន្តែយ៉ាងណា ពេលនេះ កម្លាំងការិយាល័យជំនាញយើងចាប់ខ្លួនបាន និង បានបញ្ជូនជននេះទៅប្រគល់ជូនតុលាការហើយដែរ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព