សែនស្ដាយ! ព្រះវិហារវត្ត “សុទ្ធាវត្យារាម” អាយុជាង១០០ឆ្នាំត្រូវរើចេញព្រោះស្រុតចូលទន្លេ
វិហារបុរាណវត្តសុទ្ធាវត្យារាម ចុងកោះសូទិន ស្ថិតក្នុងខេត្តកំពង់ចាម ត្រូវព្រះសង្ឃនិងគណៈកម្មការវត្តបង្ខំចិត្តរុះរើ ព្រោះតែការបាក់ស្រុតច្រាំងទន្លេមេគង្គ។
ដោយសារគ្រោះធម្មជាតិទឹកឡើងជាប្រចាំ បានធ្វើឲ្យច្រាំងទន្លេដែលនៅជាប់វត្តនេះកាន់តែបាក់ខិតជិតវត្តពីមួយឆ្នាំទៅមួយឆ្នាំរហូតបាក់ដល់វត្ត ធ្វើឲ្យសសរព្រះវិហារពីរដើមធ្លាក់ចូលក្នុងទឹក ទើបធ្វើឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទ បង្ខំចិត្តធ្វើការរុះរើដោយមានការអនុញ្ញាតពីខាងមន្ទីរវប្បធម៌ខេត្ត។
ព្រះវិហារបុរាណនេះមានអាយុកាលជាង១០០ឆ្នាំហើយ ធ្វើពីស៊ីម៉ង់ និងឈើ ក្នុងនោះសសរខាងក្នុងព្រះវិហារចំនួន១០ដើមធ្វើពីឈើមានប្រវែងប្រហែល៩ម៉ែត្រ រីឯដំបូលវិញក៏ធ្វើពីឈើប្រក់ក្បឿងតាមរចនាបថខ្មែរផងដែរ៕
អត្ថបទ៖ WowCambodian /រូបថត៖ សុផានុត