សហរដ្ឋអាមេរិក ៖ កីឡាករវាយកូនបាល់ (Tennis) សញ្ជាតិស៊ែប Novak Djokovic ត្រូវបានដកសិទ្ធិក្នុងការប្រកួតព្រឹត្តិការណ៍ US Open ផ្នែកបុរសទោល ត្រឹមជុំទី ៤ វគ្គជម្រុះ ១៦នាក់ចុងក្រោយ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានវាយបាល់ចំចៅក្រមខ្សែបន្ទាត់ ដោយអចេតនា។
រឿងហេតុនេះ កើតឡើងក្នុងជំនួបរវាងកីឡាករលេខ ១ ពិភពលោកខាងលើ តទល់ជាមួយកីឡាករអេស្ប៉ាញ Pablo Carreño Busta អំឡុងពេលដែល Djokovic ចាញ់កីឡាករ Busta នៅបញ្ចប់សិតទី ១ ដោយលទ្ធផល ៥-៦។ ហើយ Djokovic បានវាយបាល់យ៉ាងខ្លាំងទៅខាងក្រោយ ចំកចៅក្រមខ្សែបន្ទាត់ស្ត្រីម្នាក់។ ភ្លាមៗនោះគេក៏បានទៅជួយលើក និងសុំអភ័យទោស ចំពោះកំហុសអចេតនារបស់ខ្លួន។
បន្ទាប់ពីឆ្លងកាត់ការពិភាក្សាដ៏វែងមួយរបស់មន្ត្រីជំនាញ និងអ្នកគ្រប់គ្រងការប្រកួត ពួកគេបានសម្រេចដកហូតសិទ្ធិប្រកួតរបស់ Novak Djokovic ក្នុងព្រឹតិ្តការណ៍ US Open នេះតែម្តង។
យោងតាមច្បាប់នៃកម្មវិធី Grand Slam ត្រង់ចំណុចមួយបានចែងថា «អ្នកលេងមិនត្រូវរំលោភបំពានលើរូបរាងកាយរបស់មន្ត្រីផ្លូវការ, គូប្រជែង, អ្នកទស្សនា ឬមនុស្សផ្សេងទៀត ដែលមានវត្តមាននៅក្នុងទីធ្លានៃកន្លែងការប្រកួតឡើយ»៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព