រាជធានីភ្នំពេញ៖ ថ្មីៗរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកញ្ចប់ថវិកា១៥០ដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍កសាងផ្លូវចំនួន៣៨ខ្សែនៅក្នុងខេត្តសៀមរាប ហើយសម្រេច ឬការទម្លាក់កញ្ចប់ថវិកានេះត្រូវបានអ្នកជំនាញទេចរណ៍សាទរ ខណៈអាជីវកម្មនៅក្នុងវិស័យទេសចរណ៍មួយចំនួនព្យាយាមទប់ខ្លួន ឬព្យាយាមងើបឡើងវិញក្នុងការផ្តល់សេវាទេសចរណ៍ក្នុងស្រុក។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី៦កញ្ញានេះថា «យើងសាទរចំពោះការទម្លាក់កញ្ចប់ថវិកា១៥០លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់រៀបចំហេរដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្តសៀមរាបនេះ ព្រោះខេត្តសៀមរាបជាខេត្តមានសក្តានុពលខ្ពស់នៃទេសចរធម្មជាតិនិងទេសចរវប្បធម៌។ អីចឹងចង់មិនចង់យើងរំពឹងនៅថ្ងៃខាងមុខថាយើងនឹងទទួលបានទេសចរកាន់តែច្រើន។ដូចនេះយើងសាទរចំពោះការទម្លាក់កញ្ចប់ថវិកាសម្រាប់សាងសង់ផ្លូវនៅខេត្តសៀមរាប ត្រៀមទទួលទេសចរនៅពេលណាស្ថានការប្រសើជាងសព្វថ្ងៃនេះ»។
លោកស្រីបានសង្កត់ធ្ងន់ថា«នៅពេលស្ថានការណ៍ល្អប្រសើ យើងកុំឱ្យមានតែផលិតផលទេសចរណ៍ដដែលៗ អាចធ្វើឱ្យការអូសទាញភ្ញៀវទេសចរណ៍ចាញ់គេ ហើយជាធម្មតានៅពេលស្ថានការណ៍ប្រសើឡើងភ្ញៀវទេសចរណ៍គេឆ្ពោះទៅរកកន្លែងណាមានភាពទាក់ទាញជាងគេ ស្អាតជាងគេ»។
ពាក់ព័ន្ធនិងទេសចរណ៍និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាបនៅពេលដែលកម្ពុជាមិនទាន់មានការផ្ទុះជំងឺកូវីដ១៩នៅកម្ពុជា បើតាមប្រធានសមាគមរូបនេះសង្កេតឃើញហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តមានបញ្ហាខ្លះៗពិសេសនៅពេលថានៅរដូវសំបូរភ្ញៀវចូលមកទស្សនាក្នុងខេត្តការកកស្ទះចរាចរហើយផ្លូវមួយចំនួនត្រូវបានខូច។ តែនៅពេលហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តដាក់ឱ្យដំណើរវានឹងចូលរួមទាក់ទាញភ្ញៀវមកទស្សនាខេត្តបានកាន់តែច្រើនថែមទៀតនាពេលខាងមុខនេះ។
លោកស្រី បន្តថា នៅពេលហេដ្ឋារចនាសម្ព័ន្ធទាំង៣៨ខ្សែដាក់ឱ្យដំណើរបាន វានឹងចូលរួមទាក់ទាញទេសចរណ៍បន្ថែមទៀត ព្រោះថាខេត្តសៀមរាប មានគេស្គាល់ច្រើន ហើយភ្ញៀវបរទេសយើងក៏បានធ្វើការផ្សព្វផ្សាយបានច្រើន ហើយខេត្តឬតំបន់ទេសចរណ៍ផ្សេងៗអាចទទួលបានភ្ញៀវទេសចរណ៍ទៅទស្សនាបានខ្លះ តាមរយៈការខេត្តសៀមរាប ព្រោះខេត្តជាខេត្តល្បីល្បាញជាងគេនិងមានសក្តានុពលខ្ពស់ជាងគេ។បើកម្ពុជាផុតរដូវកាលជំងឺកូវីដ១៩ គំរាមកំហែង ច្បាស់ណាស់ថាខេត្តសៀមរាបនឹងទាក់ទាញភ្ញៀវបរទេសបានច្រើនជាងភ្ញៀវក្នុងស្រុក ។
តាមប្រធានសមាគម «បើសិនបើការទម្លាក់កញ្ចប់ថវិកានិងការស្ថាបនាចាប់ផ្តើមធ្វើភ្លាមៗ អាចធ្វើឱ្យអ្នកប្រកបមុខរបរក្នុងវិស័យទេសចរណ៍ មានទឹកមាត់លេបខ្លះ យ៉ាងហោចណាស់ទាក់ទាញភ្ញៀវក្នុងស្រុកសម្រាប់ជួយដល់អាជីកម្មពួកគាត់បានខ្លះដើម្បីទប់ខ្លួន សម្រាប់រក្សាអ្នកជំនាញទេសចរណ៍ទុកដើម្បីត្រៀមខ្លួនពេលដែលស្ថានភាពប្រសើឡើងពេលណាមួយភ្ញៀវបរទេសចូលមកកម្ពុជានៅពេលណាមួយនោះយើងមានអ្នកជំនាញនៅក្នុងដៃ»។
លោកស្រី បញ្ជាក់ថា«មុនសេចក្តីប្រកាសសម្រេចកញ្ចប់ថវិកា១៥០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍កសាងផ្លូវថ្នល់ក្នុងខេត្តសរៀមរាប គឺយើងបានមើលឃើញគាត់(ម្ចាស់អាជីវកម្មទេសចរណ៍)មានការប្រឹងប្រែងទប់ខ្លួនតាំងពីថ្ងៃឈប់សម្រាប់ជំនួសថ្ងៃបុណ្យចូលឆ្នាំ អីចឹងយើងមើលឃើញពួកគាត់មានការប្រឹងប្រែងទប់ខ្លួលនិងបើកឡើងវិញទោះបីគ្មានភ្ញៀវនិងការឈប់សម្រាប់ផុតរលុតទៅក្តី គិតមកដល់ម៉ោងនេះឃើញពួកគាត់នៅតែបើកទ្វារដើម្បីទទួលភ្ញៀវក្នុងស្រុក»។
យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្មីៗនេះបង្ហោះឬផុសខ្លឹមសារអំពីការសម្រេចកញ្ចប់ថវិកា ១៥០ លានដុល្លារកសាងផ្លូវ៣៨ ខ្សែក្នុងទីរួមខេត្តសៀមរាប។
សម្តេចតេជោ បានសង្កត់ធ្ងន់ដូច្នេះថា«ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីការសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩»។
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយនេះ។សូមអរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួង-ស្ថាប័នទាំងអស់ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើអោយយើងសន្សំបានថវិកាប្រមាណជាង ៦០០ លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេស ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព