តាមប្រភពប៉ូលិសបានឱ្យដឹងថា ប៉ូលិសល្បាតព្រំដែនម្នាក់បានប្រគល់ខ្លួនឱ្យប៉ូលិសស្រុក Muang បន្ទាប់ពីមានការបាញ់ប្រហារគ្នាររវាងមនុស្សពីរក្រុមក្នុងស្រុក Muang នៅព្រឹកថ្ងៃអាទិត្យនេះដែលបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់និងពីរនាក់រងរបួសធ្ងន់។
រូបតំណាង
លោក Pornchai Jaemchua ជាមន្ត្រីប៉ូលិសស៊ើបអង្កេតប្រចាំស្រុក Muang បាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១ រំលងអធ្រាត្រ នៅចំណតរថយន្តរបស់ក្លឹបដែលជាកន្លែងកំសាន្តមួយនៅក្នុងស្រុក Muang ខណៈពេលដែលក្លិបបានបិទទ្វារ។ ខណៈពេលយុវជនពីរក្រុមកំពុងដើរសំដៅទៅយានយន្តរបស់ពួកគេ ស្រាប់តែមានការឌឺដងពាក្យសំដីគ្នាទៅវិញទៅមកបណ្តាលឱ្យមានការបាញ់ប្រហារឡើង។ ប៉ូលិសជឿជាក់ថា ក្រុមទាំងពីរធ្លាប់ឈ្លោះប្រកែកគ្នានៅខាងក្នុងកន្លែងកម្សាន្តម្តងរួចហើយ ទើបចេញមកខាងក្រៅមានការឌឺដងដាក់គ្នា។ នៅពេលទៅដល់កន្លែងកើតហេតុ ប៉ូលិសទៅបានរកឃើញបុរសបីនាក់រងរបួសដោយសារគ្រាប់កាំភ្លើងហើយកំពុងតែដេកដួលនៅលើដីក្បែររថយន្តម៉ាក Toyota ពណ៌ស ហើយក្រោយមកពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។
រូបតំណាង
អ្នករងរបួសម្នាក់ឈ្មោះ Athip Chaengsawang អាយុ ២៧ ឆ្នាំមកពីស្រុក Warin Chamrap ខេត្ត Ubon Ratchathani បានស្លាប់ពេលទៅដល់មន្ទីរពេទ្យ ដោយមានរបួសគ្រាប់កាំភ្លើងចំទ្រូងនិងក្បាល។ ជនរងគ្រោះទី ២ ឈ្មោះ Preecha ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយមានរបួសគ្រាប់កាំភ្លើងត្រង់ខ្នងនិងចង្កេះ។ ចំណែកម្នាក់ទៀតឈ្មោះ Withoon Joompakdi អាយុ ២៣ ឆ្នាំត្រូវគ្រាប់កាំភ្លើងត្រង់ដៃស្តាំ។
ប៉ូលិសរឹបអូសបានកាំភ្លើងខ្លីម៉ាក a .38 មួយដើមដែលមានគ្រាប់កាំភ្លើងចំនួន ៦ គ្រាប់នៅពីក្រោមកៅអីរបស់អ្នកបើករថយន្ដ Toyota ។
គ្រាប់កាំភ្លើង ៤ គ្រាប់ផ្សេងទៀតត្រូវបានរកឃើញនៅលើរថយន្តម៉ាក Isuzu ពណ៌ខ្មៅ។ ប៉ូលិសបានចាប់ខ្លួនជនល្មើសឈ្មោះ Puthisan Jampi អាយុ ២៦ ឆ្នាំជាប៉ូលិសល្បាតព្រំដែនមកពីកងពលល្បាតព្រំដែនលេខ ២២ ហើយប៉ូលិសនឹងចាត់វិធានការជនល្មើសរូបនេះទៅតាមផ្លូវច្បាប់បន្តទៀត។
ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតនិងស្វែងរកជនល្មើសដទៃទៀតដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះដើម្បីសួរចម្លើយ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post