ភ្នំបូកគោស្ថិតនៅក្នុងតំបន់ខ្ពង់រាបដែលបង្កើតជាតំបន់ភាគអាគ្នេយ៍នៃជួរភ្នំក្រវាញនាខេត្តកំពត និងមានកម្ពស់ ១១០១ម។
តាំងពីសម័យអាណានិគមនិយមបារាំង នៅលើភ្នំបូកគោជាតំបន់ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បន្សល់ទុកនូវ អគារកាស៊ីណូ, សណ្ឋាគារបារាំង សំណង់បុរាណវត្តសំពៅប្រាំ ព្រះវិហារកាតូលិក និងព្រះរាជដំណាក់ ព្រះបាទមុនីវង្ស និងព្រះនរោត្តមសីហនុ ជាដើម។
វិហារកាតូលិកចាស់គឺជាស្ថាបត្យកម្មបែបអឺរ៉ុប និងជាសំណង់សាសនាគ្រិស្តដ៏កម្របំផុតសេសសល់រូបរាងដល់ពេលបច្ចុប្បន្នដោយសារ កាលពីសម័យសង្គ្រាមពួកខ្មែរក្រហមបានបំផ្លាញព្រះវិហារកាតូលិកអស់ជាច្រើនដោយការបំផ្ទុះគ្រាប់បែក និងវាយកម្ទេច។
ព្រះវិហារនេះត្រូវបានសាងសង់ដោយជនជាតិបារាំង នៅទសវត្សឆ្នាំ១៩២០ ដោយឯកសារខ្លះថាកសាងឆ្នាំ១៩២១, ខ្លះថាឆ្នាំ ១៩២៨ យ៉ាងណាគិតមកដល់បច្ចុប្បន្ននេះវាមានអាយុកាលជិត១សតវត្ស ឬក៏១០០ឆ្នាំហើយ។ ទោះមានវ័យចំណាស់តែព្រះវិហារនេះនៅរក្សាបានទ្រង់ទ្រាយដើម និងមានសភាពរឹងមាំ។
កាលពីឆ្នាំ២០១៧ក្រសួងបរិស្ថានក្នុងនាមរដ្ឋាភិបាលកម្ពុជាបានប្រគល់ព្រះវិហារកាតូលិកនេះឲ្យទៅព្រះសហគមន៍កាតូលិកនៅកម្ពុជា ដើម្បីគ្រប់គ្រង ជួសជុល និងប្រើប្រាស់ជាប្រយោជន៍ក្នុងវិស័យសាសនា៕