កម្មករ-កម្មការិនីបាត់បង់ការងារ សម្រុកស្វែងរកការងារថ្មី ព្រោះគ្មានប្រាក់ចំណាយប្រចាំថ្ងៃគ្រប់គ្រាន់
កម្មកររោងចក្រកាត់ដេរជាច្រើននាក់ កំពុងជួបហានីភ័យ នៃការស្វែងរកប្រាក់ចំណូលប្រចាំថ្ងៃ ខណៈរោងចក្ររបស់ពួកគេ ត្រូវបានព្យួរនិងបិទទ្វារ ហើយមិនដឹងច្បាស់នូវរយៈពេល នៃការចាប់ផ្តើមបើកដំណើរការឡើងវិញ នៅពេលណាមួយនោះទេ។
បណ្តារោងចក្រជាច្រើននៅប្រទេសកម្ពុជា ដែលគ្មានការបញ្ជាទិញ ត្រូវបង្ខំចិត្តដាក់ពាក្យសុំព្យួរការងារ និងត្រូវបិទទ្វារទាំងស្រុង ដែលករណីនេះ បានបណ្តាលឱ្យកម្មករជាច្រើនពាន់នាក់ គ្មានការងារធ្វើ ហើយត្រូវប្រឈមមុខនឹងការស្វែងរកការងារធ្វើ នៅកន្លែងថ្មីផងដែរ។ រហូតមកដល់ពេលនេះ កម្មករដែលបានដាក់ពាក្យ ស្វែងរកការងារទាំងអស់នេះ នៅមិនទាន់ទទួលបានការឆ្លើយតបណាមួយសមរម្យណាមួយសម្រាប់ពួកគេពោលគឺគ្មានការងារធ្វើតែម្តង។
កម្មករបានលើកឡើងថា ឥឡូវនេះ គ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយមិនដឹងជាទៅរំពឹងអ្វី ក្រៅពីស្វែងរកការងារថ្មី។ កម្មករហាក់មិនមានក្តីសង្ឈឹម នៅក្នុងការចាប់យកការងារថ្មី នៅអំឡុងពេលកើតមានវិបត្តិ កូវីដ១៩នេះទេ ព្រោះកំណើនរោងចក្រព្យួរនិងបិទទ្វារ នៅតែបន្តកើតមាន។
ជាមួយគ្នានេះ រម្យ ចាន់ណា ដែលជាកម្មការិនីរោងចក្រញ៉ូប៊េសបានឱ្យដឹងថា រោងចក្រលួចបិទទ្វារដោយគ្មានប្រាប់ដំណឹងជាមុន ដូច្នេះធ្វើឱ្យកម្មករមិនបានត្រៀមចិត្ត សម្រាប់ស្វែងរកការងារថ្មី។
កម្មការិនីម្នាក់ទៀត រ៉េត វ៉ាន់ណាន បំរើការងារនៅក្នុងរោងចក្រញ៉ូប៊េស បានប្រាប់ពីបញ្ហាប្រឈមរបស់ខ្លួនថា គាត់ត្រូវការស្វែងរការងារថ្មី ព្រោះដើម្បីដោះស្រាយជីវភាព។ កូននិងប្តីរបស់គាត់ ត្រូវរំពឹងទៅលើការស្វែងរកប្រាក់ចំណូលរបស់គាត់តែម្នាក់គត់ដូច្នេះគាត់ត្រូវទទួលរងបន្ទុកផ្គត់ផ្គង់ក្នុងគ្រួសារ។
ការព្យួរនិងបិទរោងចក្រគឺជាឧបសគ្គធំ ដែលធ្វើឱ្យកម្មករជាច្រើនពាន់នាក់ ត្រូវប្រឈមអត់ការងារធ្វើ ឬបាត់បង់ការងារទាំងស្រុង ប៉ុន្តែនៅមានបញ្ហាមួយទៀត ដែលធ្វើឱ្យកម្មករគ្មានក្តីសង្ឈឹមនៅក្នុងការស្វែងរកការងារធ្វើ គឺថៅកែចាស់បានប្រាប់ថៅកែថ្មី មិនឱ្យទទួលយកកម្មករ ដែលធ្លាប់មានប្រវត្តិធ្វើកូដកម្ម ទាមទារប្រាក់ខែ និងប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។
បើតាមកម្មការិនី ស្រី ណែត បំរើការងារនៅរោងចក្រកាត់ដេរ នៃខេត្តកំពង់ស្ពឺ បានឱ្យដឹងដែរថា ទោះបីជាឥឡូវនេះ គាត់អត់ការងារធ្វើក៏ដោយ ប៉ុន្តែគាត់ត្រូវតែស្វែងរកការងារធ្វើថ្មីទៀត។ ដោយសារ កើតមានវិបត្តិកូវីដដូច្នេះមានរោងចក្រជាច្រើនត្រូវបានព្យួរនិងបិទដំណើរការអាជីវកម្ម។
កម្មការិនី ស្រី លក្ខ័ បំរើការងារនៅរោងចក្រញ៉ូប៊េសខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កម្មករនៅរោងចក្រញ៉ូប៊េស បាននាំគ្នាធ្វើកូដកម្ម ដើម្បីទារលុយប្រាក់ខែ ប្រាក់អតីតភាព ប្រាក់អត្ថប្រយោជន៍ផ្សេងៗ នឹងលុយប្រចាំសប្តាហ៍។ រោងចក្របានធ្វើការផ្លាស់ប្តូរថៅកែ។ ថៅកែចាស់ បានប្រាប់ថៅកែថ្មី មិនឱ្យទទួលយក អ្នកដែលធ្វើការតវ៉ាទាមទារប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ទាំងអស់នេះទេ។
ជុំវិញការស្វែងរកការងារថ្មីរបស់កម្មករ-កម្មការិនី ដែលត្រូវបានរោងចក្រសុំព្យួរការងារ ឬត្រូវបានបិទទាំងស្រុងនាពេលកន្លងមកនេះ សមាគមរោងចក្រកាត់ដេរGMAC បានធ្វើលិខិតអន្តរាគមន៍ជាច្រើនច្បាប់ ដើម្បីដាក់ទៅរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធក្នុងវិស័យវាយនភណ្ឌ ដោយស្នើសុំមិនឱ្យមានការផ្អាកការបញ្ជាទំនិញពីកម្ពុជាឡើយ។ ការផ្អាកការបញ្ជាទិញ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់កម្មករ-កម្មការិនី ក្នុងការបាត់បង់ការងារធ្វើ ដែលកត្តានេះ បានធ្វើឱ្យកម្មករ មានហានីភ័យខ្លាចរកការងារធ្វើមិនបាន៕ ដោយ៖ ឃួន លក្ខិណា