Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

«​ក្រុង​ឧដុង្គ​» មាន​ព្រះ​មហា​ក្សត្រ​គង់​នៅ​​អស់​២៤៣​ឆ្នាំ​មុន​ផ្លាស់​មក​ក្រុង​ភ្នំពេញ​​

រាជធានី​ភ្នំពេញ ៖ ក្រុង​ឧដុង្គ គឺជា​អតីត​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​រហូត​ដល់​បច្ចុប្បន្ន ទីនោះ​បាន​ក្លាយទៅជា​រមណីយ៍ដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​បំផុត​មួយ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ទៅ​លេង​កំសាន្ត​លំហែកាយ ក្រោយ​ពី​ការ​ហត់​នឿ​ង​ក្នុង​ការ​បំពេញ​ការងារ​ក៏​ដូច​ជា ការ​ប្រកប​របរ​រកស៊ី​ផ្សេង​ៗ​ផង​ដែរ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​មាន​អ្នក​ខ្លះទៅ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិ​នៃ​អតីត​ទីក្រុង​ដ៏​ចំណាស់​មួយ​នេះ ដើម្បី​បាន​យល់​ដឹង និង​ចងក្រង​អំពី​ប្រវត្តិ​បុព្វបុរស​ខ្មែរ​ដែល​បាន​បន្សល់​ទុក​នូវ​កេរ្តិ៍​តំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បានដឹង បាន​ចង​ចាំ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់ ដោយ​ភាព​អស្ចារ្យ​របស់​ដូនតា​ខ្មែរ​យើង​។ រា​ធានី​ឧដុង្គ​មានឈ្មោះ​ដើម​ថា «​ព្រះ​បរមរាជវាំង​មហានគរ ឧត្តុង្គ​មាន​ជ័យ បុរីរម្យ​ឧត្ដម​រាជ​និវេសនដ្ឋាន » ដែល​ហៅ​កាត់​ខ្លី​ថា « ក្រុង​ឧត្តុង្គ​មាន​ជ័យ » ហើយ​សព្វថ្ងៃ​នៅ​ត្រឹម «​ឧដុង្គ​» ដែល​ជា​ឈ្មោះ​ស្រុក​មួយ​របស់​ខេត្តកំពង់ស្ពឺ ។

សព្វថ្ងៃ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចំនួន​៥ និង​ឃុំ​ចំនួន​២ របស់​រដ្ឋបាល​ក្នុង​ពញាឮ ខេត្តកណ្ដាល ក្នុង​នោះ​រួម​មាន ៖ ១-​ភូមិ​ភ្នំ​ជ័យ​ឧត្តម ២-​ភូមិ​ស្រះ​ពោធិ៍ ដែល​ភូមិ​ទាំង​២​នេះ ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារ​ដែក​។ ៣-​ភូមិ​ពោធិ៍​រ៉ា​ល់ ៤-​ភូមិ​ត្រពាំង​ស្លែង ៥-​ភូមិ​ស្រះ​ពោធិ៍ ហើយ​ភូមិ​ទាំង​៣​នេះ ស្ថិត​នៅ​ក្នុង​ឃុំ​ភ្នំ​បាត​។ បើ​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ មាន​ចម្ងាយ​ប្រមាណ​ជាង​៤០​គីឡូម៉ែត្រ ហើយ​ដើម្បី​បាន​ទៅ​ដល់ទី​នោះ​យើង​អាច​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​ជា​ច្រើន ប៉ុន្តែ​មាន​ផ្លូវ​ធំ​ៗ​ចំនួន​២ គឺ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៥១​។ ដោយ​ជា​រឿង​រាល់ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេង​ជាប់​មិន​ដាច់​មិន​ថា ថ្ងៃ​ធម្មតា ឬ​ថ្ងៃអាទិត្យ​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ឬ​ថ្ងៃ​បុណ្យ មាន​មនុស្ស​ទៅ​លេង​ច្រើន​ជាង​នៅ​ថ្ងៃ​ធម្មតា​។

ក្រុង​ឧដុង្គ បាន​ចាប់ផ្ដើម​កសាង​ឡើង​ក្នុង​សតវត្ស​ទី​១៧ នៃ​គ្រិស្តសករាជ ក្នុង​រជ្ជកាល​ព្រះបាទ​សម្ដេច​ជ័យ​ជេដ្ឋា​ទី​២ បើ​យោង​តាម​ឯកសារ​ព្រះរាជ​ពង្សាវតារ​ប្រទេស​កម្ពុជា ដែល​ដកស្រង់​ផ្សាយ​ដោយ​សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ​ភាគ​ទី​៥ មាន​ចែង​ថា នៅ​ក្នុង​ពុទ្ធសករាជ​២១៦៤ គ្រិស្តសករាជ ១៦២០ ព្រះបាទ សម្ដេចព្រះ​ជ័យ​ជេ​ជ្ឋា​ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង ស្ដេច​ទ្រង់​គង់នៅ​ព្រះរាជវាំង​ល្វាឯម ទ្រង់​នាំ​ព្រះរាជ​អគ្គមហេសី ព្រះ​ស្នំ​ក្រមការ សេនាបតី និង​នាម៉ឺន​សព្វ​មុខមន្ត្រី​ខ្ញុំ​រាជការ​ទាំងពួង ចុះ​ព្រះរាជ​ទីន័ង​នាវា​ស្ដេច​យាង​ទៅ​ប្រពាត​នៅ​តំបន់​អូរ​ក្រង​លាយ ក្នុង​ខេត្ត​សំរោង​ទង​។

ទ្រង់​ប្រថាប់​នៅ​ព្រះ​ពន្លា​ជា​យូរថ្ងៃ រួច​ស្ដេច​យាង​ក្រសាល​នៅ​ទី​តា​ដុ​ង យាយ​ជ័យ ទ្រង់​ទត​ឃើញ​ទីទួល​មួយ​នៅ​តំបន់​ស្រះ​កែវ ជាទី​មាន​ទេសភាព​ល្អ ក៏​ទ្រង់​ចាប់​ព្រះរាជ​ហឫទ័យ ហើយ​ទ្រង់មាន​ព្រះ​តម្រាស់​នឹង​មន្ត្រី​ខ្ញុំ​រាជការ​ទាំងពួង មាន​ហោរា​ធិ​បតី​ជាដើម​ថា «​យើង​ចង់​សាង​ព្រះរាជវាំង​គង់នៅ​ទី​នេះ តើ​អស់អ្នក​ទាំងពួង​យល់​ថា​ម្ដេច​ដែរ?​» ។

គ្រានោះ​ឧកញ៉ា​ហោរា​ធិ​បតី មុំ បាន​គន់គូរ​ពិនិត្យ​មើល​ទីតាំង​ដី​នោះ ដោយ​ក្បួន​ហោរាសាស្ត្រ ហើយ​ក៏​ក្រាប​បង្គំ​ទូល​ព្រះរាជា​ថា « ទី​នេះ​ជាទី​ជ័យ​ភូមិ​ល្អ​ណាស់ ត្រូវ​តាម​ក្បួន​ទាយ​ថា នឹង​មាន​ឫទ្ធ​តបៈ​តេជះ​ឈ្នះ​អស់​សត្រូវ​ទាំង​៨​ទិស​» ។ ព្រះរាជា​ទ្រង់​ជ្រាប​ដូច្នោះ​ហើយ ព្រះ​អង្គ​ទ្រង់​ចាត់​ឧកញ៉ា​ក្រឡាហោម​កែវ ឲ្យ​ជានា​យក​ចាត់ការ​កសាង​ព្រះរាជវាំង​នៅ​តំបន់​ស្រះ​កែវ​នោះ ទ្រង់​ចាត់ ហើយ​ស្ដេច​ទ្រង់​យាង​ត្រឡប់​មក​កាន់​ព្រះ​បរមរាជវាំង​ល្វាឯម​វិញ (​សព្វថ្ងៃ​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​) យោង​តាម​សៀវភៅ​ពង្សាវតារ​នៃ​ប្រទេស​កម្ពុជា របស់​ក្រសួង​សិក្សាធិការ បោះពុម្ព​ក្នុង​ឆ្នាំ ១៩៥២ ទំព័រ ៨៥ ដាក់​វង់ក្រចក​ថា (​ស្រុក​ព្រៃ​ល្វា​ផ្អែម )​។

លំដាប់​ពី​នោះ ឧកញ៉ា​ក្រឡាហោម កែវ ក៏​បង្គាប់​ទៅ​ចៅហ្វាយស្រុក ឲ្យ​កេណ្ឌ​បណ្ដា​ប្រជាន​រាស្ត្រ​កាប់​ឈើ​មក​ធ្វើ​ជា​ព្រះរាជវាំង តាម​ព្រះរាជ​បញ្ជា ។ លុះ​ប្រមូល​គ្រឿង​សម្ភារៈ​បាន​សព្វគ្រប់​ហើយ ឧកញ៉ា​ក្រឡាហោម កែវ បង្គាប់​មេការ​ឲ្យ​ចាប់ផ្ដើម​ចាត់ការ​លើកដី​ធ្វើ​ជា​បន្ទាយ​យាមល្បាត​ជុំវិញ សង់​ជា​ព្រះរាជវាំង ព្រះរាជ​មន្ទីរ ព្រះរាជ​ដំណាក់​ធំ​-​តូច និង​ចុង​ព្រះ​រាជរោង រយៈពេល​ប្រមាណ​១០​ខែ ទើប​រួច​ស្រេច ហើយ​ឧកញ៉ា​ក្រឡាហោម កែវ បាន​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​ដល់​ព្រះរាជា​ទ្រង់​ជ្រាប​សព្វ​គ្រប់ការ ។

លុះ​ទ្រង់​ជ្រាប​ហើយ ព្រះបាទ​សម្ដេចព្រះ​ជ័យ​ជេដ្ឋា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ស្ដេច​ចេញ​ចាក ព្រះ​បរមរាជវាំង​ល្វាឯម ទ្រង់​ឡើង​គង់​ព្រះ​ទីន័ង​នាវា​ធ្វើ​ព្រះរាជ​ដំណើរ​តាម​ទន្លេសាប មួយអន្លើ​ដោយ​ព្រះ​អគ្គមហេសី ព្រះ​ស្នំ​ក្រមការ ព្រះរាជ​វង្សានុវង្ស សេនាបតី នាហ្មឺន​សព្វ​មុខមន្ត្រី​ខ្ញុំ​រាជ​ការ​គ្រប់​ក្រុម​ជា​រាជបរិពារ លុះដល់​កំពង់​តា​ដុ​ង យាយ​ជ័យ ទ្រង់​ប្រថាប់ នៅ​ទីនោះ​៣​រាត្រី ទ្រង់​ព្រះរាជ​បញ្ញត្ត​ឲ្យ​ហៅ​ទីនោះ​ថា «​កំពង់ហ្លួង​» (​សព្វថ្ងៃ​ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល​)​។

ហើយ​ទ្រង់​ព្រះរាជ​បញ្ជា​ភ្នា​ក់​មុខក្រសួង ឲ្យ​រៀបចំ​ធ្វើ​ព្រះរាជ​ពិធី​ឡើង​ព្រះរាជវាំង​ថ្មី និមន្ត​ព្រះ​សង្ឃ​រាជាគណៈ​ចម្រើន​ព្រះ​បរិត្ត​៣​ថ្ងៃ ចូល​ព្រះរាជ​ពិធី​នៅ​ថ្ងៃ ៥ កើត ខែ​ផល្គុន ឆ្នាំវក​ទោស័ក ពុទ្ធសករាជ ២១៦៤ គ្រិស្តសករាជ ១៦២០ ហើយ​ព្រះរាជ​វង្សានុវង្ស ព្រះ​អគ្គមហេសី ព្រះ​ស្នំ​ក្រម​ការ សេនាបតី មន្ត្រី​ខ្ញុំ​រាជការ​ជា​រាជបរិពារ ហែ​ស្ដេច​ឡើង​ពី​កំពង់ហ្លួង​ចូល​ទៅ​គង់​ក្នុង​ព្រះរាជវាំង​ថ្មី រួច​ទ្រង់​ឲ្យ​រៀប​ធ្វើ​ព្រះរាជ​ពិធី​សម្ពោធ​ព្រះ​នគរ ៣​ថ្ងៃ​ទៀត ដោយ​មាន​ល្បែង​មហោ​ស្រព​គ្រប់​បែប​សម្ដែង​ជា​ឧឡា​រិ​ក​អធិកអធម​ក្រៃពេក ទើប​ទ្រង់​តាំង​ព្រះ​នាម​ព្រះ​នគរ (​ទីក្រុង​) ថ្មី​នោះ​ថា «​ព្រះ​បរមរាជវាំង​មហានគរ ឧត្តុង្គ​មាន​ជ័យ​បុរីរម្យ​ឧត្ដម​រាជ​និវេសនដ្ឋាន​» ដែល​ហៅ​ខ្លី​ថា «​ក្រុង​ឧត្តុង្គ​មាន​ជ័យ​»​។

ទីក្រុង​ឧត្ដុង្គ​មាន​ជ័យ មាន​ព្រះមហាក្សត្រ​គង់នៅ​អស់​ថេរៈវេលា​ជាង​២​សតវត្ស គឺ​២៤៣​ឆ្នាំ ។ បណ្ដា​រជ្ជកាល​ទាំងនោះ ចំពោះ​រជ្ជកាល​ព្រះបាទ​អង្គ​ជ័យ (​ហៅ​ព្រះ​ស​ត្ថា​) ដែល​ទ្រង់​សោយរាជ្យ នៅ​ពុទ្ធសករាជ ២២៧៣ -២២៧៩ គ្រិស្តសករាជ ១៧៣០ -១៧៣៦ ស្ដេច​ចេញ​ចាក​ទីក្រុង​ឧត្ដុង្គ​មាន​ជ័យ​ទៅ​គង់​ទីក្រុង​លង្វែក ជាទី​ក្រុង​ដែល​ធ្លាប់​មាន​មក​ហើយ ។

មុន​ពេល​ព្រះបាទ​អង្គ​ជ័យ​ស្ដេច​ទៅ​គង់នៅ​បន្ទាយលង្វែក​នោះ ទីក្រុង​ឧត្ដុង្គ​ទំនេរ ពុំ​មាន​ព្រះមហា​ក្សត្រ​គង់​រយៈពេល​ប្រមាណ​២០​ឆ្នាំ លុះ​ក្រោយ​ពី​២០​ឆ្នាំ​នោះ​មក ទើប​មាន​ព្រះមហាក្សត្រ​គង់​នៅ​ឡើង​វិញ​។ បណ្ដា​ព្រះមហាក្សត្រ​ដែល​គង់នៅ​ក្រុង​ឧត្ដុង្គ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស​រា​មា ព្រះ​អង្គឌួង (​ព្រះ​បរមកោដ្ឋ​) និង​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម (​ព្រះ​សុវណ្ណ​កោដ្ឋ​) ទ្រង់​បាន​ស្ថាបនា​ឧត្ដម​វត្ថុ​ជា​ច្រើន គឺ​ព្រះករុណា ព្រះ​បរមកោដ្ឋ ទ្រង់​បាន​ស្ថាបនា​ផ្លូវថ្នល់​មួយ ពី​ឧត្ដុង្គ​ទៅ​រាម ជា​កំពង់​សមុទ្រ ព្រះករុណា​សុវណ្ណកោដ្ឋ ទ្រង់​បាន​ស្ថាបនា​ប្រាសាទ ព្រះរាជ​ដំណាក់ នឹង​គ្រឹះស្ថាន​ជា​ច្រើន មាន​គ្រឹះស្ថាន​មហោស្រព និង​បណ្ណាល័យ​ជាដើម ដោយ​គ្រឿង​ឈើ តែ​ឥឡូវនេះ​បាក់បែក​អស់ហើយ​។

ដល់​មក​ពុទ្ធ​សតវត្ស​ទី​២៥ គ្រិស្ត​សតវត្ស​ទី​១៩ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម ស្ដេច​ចេញ​ចាក​ព្រះរាជ​ធានី​ឧត្ដុង្គ​មាន​ជ័យ មក​គង់នៅ​ព្រះរាជ​ធានី​ភ្នំពេញ​ក្នុង​ពុទ្ធសករាជ​២០៤៦ គ្រិស្តសករាជ​១៨៦៣ ។ ទីក្រុង​ឧត្ដុង្គ​មាន​ជ័យ ជាទី​ក្រុង​ចាស់​មុន​បន្ទាប់​ក្រុងភ្នំពេញ ស្ថិត​នៅ​ចន្លោះ​ទិស​ពាយព្យ និង​ទិសឧត្តរ នៃ​ទីក្រុង​ភ្នំពេញ ចម្ងាយ​៤០​គីឡូម៉ែត្រ ។

សព្វថ្ងៃ ទីក្រុង​ឧត្ដុង្គ ទៅ​ជា​ស្រុក​មួយ​ហៅ​ថា «​ស្រុក​ឧត្ដុង្គ​» រួម​ចូល​ក្នុង​ខេត្តកំពង់ស្ពឺ ជាទី​មាន​ទេសភាព​រាបទាប​រៀបរយ ដោយ​មាន​ភ្នំ​ព្រះរាជ​ទ្រព្យ ដែល​មាន​ព្រះរាជ​ទ្រព្យ ដែល​មាន​ព្រះ​សក្យមុនីចេតិយ ព្រះ​វិហារ​អដ្ឋរស្ស និង​ព្រះ​ចេតិយ​ត្រៃត្រិង្ស​ជាដើម ជា​លំអ មើល​ពី​ចម្ងាយ​ឃើញ​កំពូលភ្នំ​ទាំងនោះ​ច្រូងច្រាង​ខ្ពស់ត្រដែត​ត្រដឹម​គួរ​រីករាយ ។

នៅ​លើ​កំពូលភ្នំ​ព្រះរាជ​ទ្រព្យ មាន​មហា​ចេតិយ​ជា​ច្រើន​សុទ្ធតែ​វិចិត្រ​ដោយ​ក្បូរ​ក្បាច់រចនា​ជា​ស្នាដៃ​នៃ​សិល្បករ​ខ្មែរ​ដ៏​ជំនាញ​ៗ ក្នុង​សម័យ​បុរាណ ជា​ព្រះ​ចេតិយ​បញ្ចុះ​ព្រះ​អដ្ឋិធាតុ​នៃ​ព្រះរាជា ព្រះ​អគ្គមហេសី ព្រះ​វង្សានុវង្ស ក្សត្រា​ក្ស​ត្រី ដែល​ជា​បុព្វបុរស​ព្រះរាជ​វង្សានុវង្ស​ខ្មែរ ។

បណ្ដា​ព្រះ​ចេតិយ​ទាំងនោះ ព្រះ​ចេតិយ​ចាស់​ៗ​ជាងគេ គឺ​ព្រះ​ចេតិយ​បញ្ចុះ​អដ្ឋិធាតុ នៃ​ព្រះ​ស្រី​សុរិយោ​ពណ៌ ដែល​ព្រះ​ទិវង្គត​ពី​ពុទ្ធសករាជ ២១៦៣ គ្រិស្តសករាជ ១៦១៩ ត្រង់​ទី​ព្រះ​បរមរាជ​វាំង​ស្រះ​សារពើយុត្ត ដែល​ជា​ព្រះរាជ​និវេសនដ្ឋាន​សម័យ​ឧត្ដុង្គ​មាន​ជ័យ​, ឥឡូវ​ក្លាយ​ជាទី​វត្ត​ហៅ​តាម​ពាក្យ​សាមញ្ញ​ថា «​វត្ត​ក្នុង​វាំង​» ហៅ​តាម​ផ្លូវការ​ថា «​វត្ត​ហរិរក្ស​រាជជននី​» ហើយ​មាន​វត្ត​អារាម​ជា​ច្រើន​នៅ​ជិត​ៗ​ទីនោះ មាន​វត្ត​ប្រាង្គណ៍ និង​វត្ត​វាំង​ចាស់ ជាដើម ដែល​ជា​អាវាស​នៃ​ពួក​បព្វជិត​ពុទ្ធជិនោរស​របស់​ជាតិខ្មែរ​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9666588