Bruno Fernandes បានធើ្វការឆ្លើយតបទៅកាន់លោក Jose Mourinho ក្រោយពីបុរសសញ្ជាតិព័រទុយហ្គាល់នេះ ឌឺដងគេថាទាក់ទងទៅនឹងការស៊ុតបាល់ប៉េណាល់ទី។
ក្រោយចុះកុងត្រាពីក្រុម Sporting CP កាលពីខែមករាកន្លងទៅ Fernandes បានស៊ុតបញ្ចូលទៅ១២គ្រាប់គ្រប់កម្មវិធី និងបញ្ជូនបាន៨គ្រាប់ ដែលជួយឲ្យ Man Utd បញ្ចប់ចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Premier League កាលពីរដូវកាលមុន។
ក្នុងចំណោមការស៊ុតបញ្ចូលទីរបស់គេ ៨គ្រាប់គឺបានមកពីការស៊ុតបាល់ពិន័យប៉េណាល់ទី ខណៈក្នុងរយៈពេល២ឆ្នាំចុងក្រោយ រូបគេតែងតែស៊ុតចូលបាល់១១ម៉ែត្រជានិច្ច។
ឆ្លើយតបទៅនឹងសម្ដីដែលឌឺដង Bruno ទាក់ទងនឹងការស៊ុតប៉េណាល់ទី រូបគេបានឆ្លើយតបតាមរយៈការសម្ភាសមួយរបស់សារព័ត៌មាន A Bola៖ «និយាយតាមត្រង់ទៅ ខ្ញុំគ្មានអារម្មណ៍ខុសត្រង់ណាទេ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាអ្នកទាត់ប៉េណាល់ទីដែលល្អ ហើយគ្មានអ្វីលើសនឹងទៀតទេ»។
«ខ្ញុំយល់, ហើយខ្ញុំទទួលស្គាល់នូវអ្វីដែលគាត់និយាយ តែខ្ញុំគឺជាមនុស្សគិតបែបវិជ្ជមាន។ គាត់ថា ខ្ញុំទាត់ប៉េណាល់ទីបានល្អ ហើយវាជាការពិត។ ចាប់តាំងពីខ្ញុំមកកាន់ Manchester United ខ្ញុំមិនដែលរបូតម្ដងនោះទេ»៕
ប្រភព៖ Sky Sports