យោងតាមជំនឿដែលដំណាលតៗមកថា ហេតុដែលនាំឱ្យកើតជាប្រេតទាំងនោះ គឺអាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក ហើយប្រេតខ្លះក៏មានរូបសញ្ញាផ្ទាល់របស់ខ្លួនដែរ ។
បើតាមគម្ពីព្រះពុទ្ធសាសនាបានបង្ហាញថា មនុស្សដែលស្លាប់ទៅតែងទៅកើតទីផ្សេងៗតាមកម្មរបស់ខ្លួនដែលបានសាងក្នុងពេលដែលនៅក្នុងអត្តភាពជាមនុស្ស ។ មនុស្សចិត្ដអាក្រក់ដែលបានធ្វើបាបកម្មផ្សេងៗទាំងនោះ លុះស្លាប់ទៅតែងតែកើតជាប្រេត៤ប្រភេទនេះឯងគឺ ប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម១ ប្រេតស្រេកឃ្លានអាហារជានិច្ច១ ប្រេតដែលត្រូវភ្លើងឆេះជានិច្ច១ និងប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសទៅឱ្យ១ ។
ប្រេតទាំងនេះតាមគម្ពីរព្រះពុទ្ធសាសនាប្រាប់ថាជាសត្វដែលត្រូវសេចក្តីទុក្ខវេទនាគ្របសង្កត់ខ្លាំងណាស់ ស៊ីវត្ថុមិនស្អាត និងរង់ចាំតែការឧទ្ទិសផលបុណ្យអំពីញាតិមិត្តទៅឱ្យ ពេលនេះជាឱកាសបុណ្យកុសលហើយ សូមសប្បុរសទាំងឡាយជួយសង្គ្រោះប្រេតទាំងនោះផង ។
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព